តាមរយៈកាសែត Wall Street Journal បានរាយការណ៍ថា នាយកប្រតិបត្តិ OpenAI លោក Sam Altman ជាសហគ្រិនដែលមានវ័យ៣៨ឆ្នាំ កំពុងស្វែងរកការរៃអង្គាសប្រាក់រាប់ពាន់លានដុល្លារពីអ្នកវិនិយោគ រួមទាំងរដ្ឋាភិបាលអារ៉ាប់រួមផងដែរ ដើម្បីបង្កើនសមត្ថភាពរបស់ពិភពលោកក្នុងការផលិតបន្ទះ ឈីបកម្រិតខ្ពស់ និងថាមពលបញ្ញាសិប្បនិម្មិត។
កាសែត Wall Street journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា “គំនិតផ្តួចផ្តើមបច្ចេកវិទ្យាដែលមានមហិច្ឆតាខ្លាំង” របស់ Altman អាចតម្រូវឱ្យមានការរៃអង្គាសប្រាក់បានដល់ទៅ ៧ពាន់ពាន់លានដុល្លារ។ ផែនការនេះ មានគោលបំណងដោះស្រាយឧបសគ្គចំពោះការរីកចម្រើនរបស់ OpenAI រួមទាំងកង្វះខាតនៃបន្ទះសៀគ្វីដែលផ្តល់ថាមពលដល់ម៉ូដែល AI ដូចជា ChatGPT ។
លោក Altamn បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អារ៉ាប់រួម នាយកប្រតិបត្តិ TSMC រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo និងនាយកប្រតិបត្តិរបស់ SoftBank Masayoshi Son។
នៅក្នុងខែវិច្ឆិកា សហគ្រិនវ័យ៣៨ ឆ្នាំរូបនេះ ត្រូវបានបណ្តេញចេញពីការចាប់ផ្តើមអាជីវកម្ម ដែលគាត់បានសហការបង្កើត ប៉ុន្តែត្រូវបានស្តារឡើងវិញប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីការតវ៉ាដោយបុគ្គលិកនិងអ្នកវិនិយោគ។
ប្រភព AI jazeera news
ប្រែសម្រួលដោយ: ម៉ុក ម៉ានិច






