ខេត្តឧត្តរមានជ័យ ៖ ស្រ្តីជាប្រពន្ធបានរងរបួសធ្ងន់ ដោយសារតែប្តីចិត្តអប្រិយ៍ហ៊ានលើកដៃកាប់ប្រពន្ធ ក្នុងរឿងទាស់ពាក្យ សំដី រហូតដល់ព្រមព្រៀងលែងលះគ្នា ហើយប្រពន្ធមិនព្រមអោយម៉ូតូប្តីក៏ទាញកាំបិតកាប់ប្រពន្ធតែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅអំឡុងម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ចំណុចភូមិ ទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកអន្លង់វែង បានឱ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ប៊ូ ប៊ី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជា ប្ដី បានយកកាំបិតខ្វែវកាប់ទៅលើប្រពន្ធឈ្មោះ សែត ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅផ្ទះកើតហេតុជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់ដើមដៃឆ្វេង និងស្មាខាងស្ដាំ ហើយនឹងផ្នែក ករ.ដៃស្ដាំ រួមនឹងក្បាលចំនួន ៣កន្លែង ទៀត ដោយ ត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង តែស្ថានភាពរបួសធ្ងន់ ក្រុមគ្រូពេទ្យក៏ បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប។
តាមឱ្យដឹងពីអធិការនគរបាលព្រហ្មទណ្ឌស្រុកអន្លង់វែងបានប្រាប់ថា ក្រោយពីកើតហេតុ កម្លាំងអន្តរាគមន៍បានជួយយក ជនរងគ្រោះទៅពេទ្យ ចំណែកជនបង្ករបានកាន់កាំបិតខ្វែវជាប់នឹងដៃចូលក្នុងផ្ទះ មិនព្រមអោយសមត្ថកិច្ចចូលចាប់ខ្លួន នោះទេ ហើយបន្ទាប់មកជនសង្ស័យបានបិទទ្វារផ្ទះ នឹងចាក់សាំងដុតផ្ទះ ព្រមទាំងយកខ្សែអង្រឹងបំណងចងករធ្វើអត្តឃាត ខ្លួន ជាមួយនឹងធ្នឹមផ្ទះ ដោយភ្លាមនោះសមត្ថកិច្ច យកឡានទឹកបាញ់ទឹកចូលក្នុងផ្ទះ ទើបចាប់ខ្លួនជនសង្ស័យបាន ហើយនាំ មកកាន់អធិការដ្ឋាននគរបាលស្រុក អន្លង់វែង ដើម្បីចាត់ការតាមនិតិវិធី។
តាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា នៅមុនពេលកើតហេតុប្តីប្រពន្ធខាងលើ បានឈ្លោះគ្នា នៅក្នុងផ្ទះ ដោយសារតែប្តី ប្រចណ្ឌប្រពន្ធ ដែលការឈ្លោះប្រកែកគ្នានោះ រហូតដល់ព្រមព្រៀងលែងលះទៀត ហើយប្ដីយកម៉ូតូ តែប្រពន្ធមិនព្រម អោយ ក៏ដណ្ដើមម៉ូតូគ្នា ឯចំណែកប្ដីក៏យកកាំបិតខ្វែវកាប់ទៅលើប្រពន្ធជាច្រើនកាំបិត បណ្ដាលរងរបួសធ្ងន់តែម្ដង។









