ព្រៃវែង ៖ រាយខ្សែលួសប្រើដុំចាប់អាគុយដាក់ឆក់កណ្តុរបំណងយកមកលក់តែភ្លាត់ស្នៀតឆក់ខ្លួនស្លាប់។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីជិតភ្លឺឈានចូលថ្ងៃ២៤ខែឧសភាឆ្នាំ២០១៨នៅចំណុចវាលស្រែបឹងលលាខាងលិចព្រែកទោលមានចំងាយប្រហែល២គីឡូម៉ែត្រពីផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង ខណៈអ្នកទៅឆក់កណ្តុរដូចគ្នាប្រទះឃើញរត់មកប្រាប់ក្រុមគ្រួសារ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ត្រិះ សៀងហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំខាងលើ។ ប្រភពនិយាយថានៅល្ងាចថ្ងៃទី២៣ឧសភាជនរងគ្រោះបានទៅរាយខ្សែលួសនៅចំណុចបឹងខាងលើរួចប្រើដុំភ្លើងចាប់អាគុយដាក់ឆក់កណ្តុរយកមកលក់ដូចសព្វដង។ស្រាប់តែដល់វេលាម៉ោងប្រហែលជាង៣ជិតភ្លឺឈានចូលថ្ងៃទី២៤ ខែឧសភា ទើបអ្នក ឆក់កណ្តុរដូចគ្នាប្រទះឃើញជនរងគ្រោះដេកលើខ្សែលួសឆក់ខ្លួនឯងស្លាប់ ក៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយទទួលបានព៌តមានករណីឆក់មនុស្សស្លាប់ កម្លាំងនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ចុះទៅធ្វើកោសល្យវិច្ច័យរួច បានបញ្ជាក់ថាជនរងគ្រោះប្រហែលដើររើសកណ្តុរមិនបានប្រុងប្រយត្ន័ក៏រអិលជើងដួលទៅប៉ះដៃខាងឆ្វេងជាប់នឹងខ្សែលួសអោបនឹងដើមទ្រូងបណ្តាលឲ្យឆក់ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកនាយប៉ុស្តិ៍នគរបាលព្រែកតាសរបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ប្រជាពលរដ្ធក្នុងមូលដ្ធាននេះភាគច្រើនប្រកបមុខរបររាយខ្សែលួួសប្រើដុំភ្លើងចាប់អាគុយឆក់កណ្តុរលក់ព្រោះកណ្តុរមានហាងឆេងថ្លៃ!ទោះបីជាអាជ្ញាធរសមត្ថកិច្ចអប់រំពន្យល់ណែនាំ ពីផ្លូវច្បាប់នៃការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សយ៉ាងណាក៍ដោយក៍ពួកគាត់មិនស្តាប់ដែរ ដោយពួកគាត់សំអាងលើការដាក់សញ្ញាសម្គាល់កំុឲ្យមនុស្សដើរចូល។ ទាល់តែមានរឿងលើខ្លួនឯងទើបដឹង៕ សុឹម សាន់








