ព័ត៌មានថ្មី
- ករណីកូវីដ១៩ នៅអាមេរិក មានអ្នកឆ្លងកើនដល់ ៦១៣.៨៨៦នាក់ និងស្លាប់ ២៦.០៤៧នាក់ តាមរបាយការណ៍របស់ Worldometers នៅព្រឹកថ្ងៃពុធនេះ បង្ហាញថា នៅសហរដ្ឋអាមេរិក មានចំនួនអ្នកឆ្លង COVID-19 កើនឡើងដល់ ៦១៣.៨៨៦នាក់ ក្នុងនោះស្លាប់ ២៦.០៤៧នាក់ រីឯជាសះស្បើយមាន ៣៨.៨២០នាក់។ ប្រភពដដែលបញ្ជាក់ថា រដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺរដ្ឋញូយ៉ក ដែលមានករណីឆ្លងច្រើនជាង ២០០.០០០នាក់ និងស្លាប់លើសពី ១០.០០០នាក់។ បើគិតតែក្នុងទីក្រុងញូយ៉កស៊ីធី ដែលជាទីក្រុងមានការឆ្លងរាលដាលខ្លាំងជាងគេគឺ ១១០.០០០នាក់៕
- ថ្ងៃនេះករណីកូវីដ១៩ នៅកម្ពុជា គ្មានអ្នកឆ្លងថ្មីទេ និងមានអ្នកជាសះស្បើយថ្មីចំនួន ៥ទៀត ថ្ងៃនេះ នៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន ៥នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ៩៦នាក់ និងពុំមានករណីអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ។ នេះបើតាមប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ ចំណែកអត្រាអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានធ្លាក់ចុះមកត្រឹមចំនួន ២៦នាក់ លើចំនួនអ្នកឆ្លងសរុប ១២២នាក់។
- រថយន្តដឹកទំនិញធុនធំ ចុះពីលើស្ពាន ស្រាប់តែគាំងម៉ាស៊ីន រេចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកតាមាក់ រងការខូច ខាតយ៉ាងដំណំ កណ្តាល៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកចុះពីលើស្ពាន ស្រាប់តែបែកបំពង់ទុយោខ្យល់ ធ្វើឲ្យម៉ាស៊ីនគាំងលែងដំណើរការ ក៏រេចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកតាមាក់ពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ប៉ូលិសចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ធុនដឹកទំនិញពណ៌សពាក់ស្លាកលេខភ្នំពេញ 3C-7513 បើកបរដោយឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិចុងបឹង ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង មានអ្នករួមដំណើរម្នាក់ ឈ្មោះ ឆាយ ឈឿង ភេទប្រុសអាយុ៣៥ ឆ្នាំនៅភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ប៉ូលិសបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ រថយន្តបង្កបានបើកឆ្លងស្ពានព្រែកតាមាក់ មានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបែកបំពង់ទុយោខ្យល់ ស្របពេលនោះរថយន្តនោះបានចុះពីលើស្ពានមកត្រើយខាងកើត បណ្ដាលឱ្យរេចង្កូត មកបុកនឹងរង្វង់មូលគល់ស្ពានព្រែកតាមាក់តែម្តង។ ប៉ូលិសបានបន្ថែមទៀតថា ទាំងអ្នកបើកបរ និងអ្នករួមដំណើរ មិនបណ្ដាលឱ្យមានរងរបួសធ្ងន់ធ្ងរទេ […]
- ក្រសួងអប់រំនឹងរៀបចំការប្រឡងបាក់ឌុបតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យដឹងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ថា ចំពោះសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងនឹងអនុញ្ញាតឱ្យរៀបចំការប្រឡងតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដាគុណភាពដែលអាចទទួលយកបាន។ សូមអានបន្ថែមក្នុងសេចក្តីណែនាំខាងក្រោម ៖
- ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែមេសា ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥- ដល២១ ខែមេសា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងចន្លោះពេលនេះ។ ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាបបន្តគ្របដណ្តប់ មកលើតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសមានលក្ខណៈដូចខាងក្រោម៖
- WHO ប្រកាសថា វ៉ាក់សាំងពិសេសតែមួយគត់របស់ចិនសម្រាប់ប្រឆាំងជំងឺ COVID-19 បានដាក់ឱ្យព្យាបាលលើកទី២ហើយ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា វ៉ាក់សាំងពិសេសមួយរបស់ចិន សម្រាប់ជំងឺ COVID-19 បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ ហើយក៏ត្រូវបាន WHO ប្រកាសថា ជាវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលលើកទី២នេះ។ ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួនយ៉ាងដូច្នេះថា «នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថាន វិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុស COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ ព្យាបាលជំងឺលើកទី២»៕
- ព្រឹទ្ធសភា នឹងប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីគារគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន នៅថ្ងៃទី១៦ ខែមេសា គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភាពនឹងបើកកិច្ចប្រជុំ នៅថ្ងៃទី១៦ មេសា ខាងមុខនេះ វេលាម៉ោង ៨ព្រឹក ដើម្បីពិនិត្យលើរបៀបវារៈចំនួន២។ យោងតាមសេចក្ដីជូនដំណឹង របស់ព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ឱ្យដឹងថា របៀបវារៈទាំង២ រួមមាន ៖ ទី១-ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាង ច្បាប់ ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤ និងទី២-កំណត់របៀបវារៈ កាលបរិច្ឆេទប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤៕
- អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត ដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំង៣មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមុខកំពូល ដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ដែលមានប្រវែងជាង២០គីឡូម៉ែត្រ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការដាំផ្កានេះ គឺដើម្បីលើកកម្ពស់សោភ័ណ្ឌភាព នៅតាមផ្លូវជាតិលេខ៦នេះ ស្របពេលដែលរាជរដ្ឋាភិបាល បានកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូននានាផងដែរដូច្នេះទើបរដ្ឋបាលខេត្តបានធ្វើការដាំផ្កានៅតាមទ្រូងផ្លូវដើម្បីលើកកម្ពស់សោភ័ណ្ឌភាពផ្លូវ។ក្រៅពីផ្លូវជាតិលេខ៦នេះ គ្រប់ផ្លូវជាតិទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវដាំផ្កាលំអសោភ័ណ្ឌភាពទាំងអស់ផងដែរ។ ឯកឧត្ដមបានផ្ដាំផ្ញើដល់អាជ្ញាធស្រុក ឃុំ បន្ទាប់ពីដាំផ្ការួមហើយ ត្រូវយកចិត្តទុកដាក់មើលថែ និងស្រោចទឹកជាប្រចាំ ដើម្បីអោយផ្ការីកលូតលាស់បានល្អ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើអោយអាជ្ញាធរស្រុក ត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២បប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ឱ្យបានម៉ឺងម៉ាត់ ស្ដីពីការហាមឃាត់ ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ ដោយធ្វើការអប់រំ ណែនាំ និងពន្យល់ប្រជាពលរដ្ឋ អោយបានយល់អំពី ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី […]
- សម្តេចតេជោ ស្នើឲ្យអាស៊ានបូកបី បង្កើតយន្តការរួមមួយ ដើម្បីចែករំលែកបច្ចេកទេស វិនិច្ឆ័យ ព្យាបាលកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រទេសអាស៊ាន បូកបី បង្កើតយន្តការរួមមួយ ដើម្បីលើកកំពស់ការចែករំលែកបច្ចេកទេស បទពិសោធន៏ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះ សំដៅការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន ជាពិសេសសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះថ្នាក់ និងជំងឺដូចជា មនុស្សចាស់ និងក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ផ្ទាល់។ សម្តេចតេជោ ក៏បានជំរុញឲ្យអាស៊ានបូកបី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ រវាងមន្ទីរពិសោធន៏ មន្ទីរពេទ្យ និងសាកលវិទ្យាល័យ ដែលពាក់ព័ន្ធ ដើម្បីបង្កើនល្បឿននៃការទប់ស្កាត់ និងការព្យាបាលជំងឺឆ្លងនេះ។ ប្រទេសបូកបី គួរពង្រីកសមត្ថភាពផលិតកម្មសម្ភារ់បរិក្ខាពេទ្យចាំបាច់ និងសម្រួលការផ្គង់ផ្គង់ឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់ នៅក្នងប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបី។
- សម្តេចតេជោ អរគុណចិន និងជប៉ុន ដែលបានជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ចិន ជប៉ុន កូរ៉េខាងត្បូង នៅរសៀលថ្ងៃទី១៤ មេសានេះ តាមរយៈវីដេអូខនហ្វើរ៉េន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្បុជា សូមអរគុណចំពោះប្រទេសចិន និងជប៉ុន ដែលបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ សម្តេច សង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញ ប្រយុទ្ធនឹងជំងឺកូវីដ ទាំងស៊ីវិល និងយោធា មកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខាពេទ្យ និងម៉ាស់ គ្រាដែលជប៉ុន គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២០លានដុល្លារអាមេរិក ដើម្បីទិញសម្ភារៈបរិក្ខាពេទ្យ ថ្នាំ និងរថយន្តសង្គ្រោះបន្ទាន់់ជាដើម។
- ស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួននៅខេត្តសឹ្ទងត្រែងនៅមិនអនុវត្តតាមការណែនាំក្រសួងពាណិជ្ជកម្ម នៅតែបន្តលក់ ១លីត្រ ៣០០០ទៅ៣៥០០០រៀល ដដែល! (ស្ទឹងត្រែង) ៖ស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួននៅខេត្តស្ទឹងត្រែងដោយយកលេសជំងឺ COVID-១៩មិនគោរពតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មក៏ដូចរាជរដ្ឋាភិបាលដែលបានចេញសារាចរណែនាំក្នុងពេលថ្មីនេះតម្រូវអោយដាក់ស្លាកសាំងធម្មតា១លីត្រ ២.៣៥០រៀល. ប្រេងម៉ាស៊ូត ១លីត្រ ២.៤៥០រៀល។ ម្ចាស់ស្ថានីយ៍ខ្លះបានយកលេសថា៖ចាំលក់សាំងដែលទិញថ្លៃនេះឲ្យអស់ពីស្ដុកសិន រួចចាំលក់ទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ជាក់ស្តែង នៅរសៀលថ្ងៃទី១២ខែមេសា ឆ្នាំ២០២០ នេះ នៅជាយខេត្តសឹ្ទងត្រែង នៅតែមិនព្រមបញ្ចុះតម្លៃបន្តលក់ដំឡើងថ្លៃ ក្នុង១លីត្រ ៣០០០ទៅ៣៥០០រៀល ដដែល ។ លោក អ៊ុក ម៉ៅ ហៅប្រាច ដែលរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារ( SEATV )នៅរសៀលថ្ងៃទី១២ ខែមេសាថា ស្ថានីយ៍ប្រេងឥន្ទនៈតូចធំ ដែលលក់ដុំរាយនោះ នៅមិនទាន់គោរពអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញចរាចរណ៍ណែនាំក្នុងពេលថ្មីនេះនៅតែមាន(មួយចំនួន) គឺមិនទាន់អនុវត្តន៍ ឲ្យបានប្រសិទ្ធិភាពឡើយ ។ នាយករដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារ (SEA TV) តាមទូរស័ព្ទថា ករណីខាងលើនេះ បានប្រជុំជាមួយមន្ទីររ៉ែនិងថាមពលខេត្ត ហើយនិងមន្ទីរពាណិជ្ញកម្មខេត្តរួចហើយ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានីយ៍ប្រេងឥន្ទនៈ ក្នុងខេត្តសឹ្ទងត្រែង ដែលលក់ដុំរាយទាំងតូចធំទាំងអស់ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញចរាចរណ៍ណែនាំខាងលើនោះ ។ […]
- ក្រសួងពាណិជ្ជកម្ម ស្នើឲ្យភាគីបញ្ជាទិញពន្លឿនការទទួលយកផលិតផលតាមកិច្ចព្រមព្រៀង រដ្ឋបាលក្រសួងពាណិជ្ជកម្ម (MoC) កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា បានចេញសេចក្ដីប្រកាសដោយអំពាវនាវឲ្យក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងក្រុមហ៊ុនបញ្ជាទិញទំនិញធ្វើដំណើរ ដែលមានប្រភពពីប្រទេសកម្ពុជា ត្រូវរក្សាការប្ដេជ្ញាចិត្តតាមរយៈការទទួលយករាល់ផលិតផលដែលបានផលិតរួចហើយទៅតាមលក្ខខណ្ឌដែលមានក្នុងកិច្ចព្រមព្រៀង។ សេចក្ដីប្រកាសរបស់ MoC ដែលចុះហត្ថលេខាដោយលោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០១ មក ប្រទេសកម្ពុជាបានធ្វើជាដៃគូជាមួយអង្គការអន្តរជាតិខាងការងារ (ILO) លើគម្រោងរោងចក្រកាន់តែប្រសើរនៅប្រទេសកម្ពុជា ដែលតម្រូវឲ្យរោងចក្រកាត់ដេរនាំចេញទាំងអស់នៅប្រទេសកម្ពុជា ត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយ ILO ដើម្បីធានាការគោរពតាមច្បាប់ជាតិ និងស្ដង់ដាការងារអន្តរជាតិ ហើយកម្ពុជា គឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយស្ដង់ដាការងារ។ ឯ.ឧ. ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅក្នុងលិខិតនោះថា៖ « ខ្ញុំសូមអំពាវនាវដល់ដៃគូរបស់យើង ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរដែលមានប្រភពពីប្រទេសកម្ពុជាត្រូវរក្សាការប្ដេជ្ញាចិត្ត ចំពោះប្រទេស កម្ពុជា និងជាពិសេសចំពោះកម្មកររបស់យើង។ យើងចង់ឲ្យអ្នកគោរពតាមកិច្ចព្រមព្រៀងរបស់អ្នក និងមិនត្រូវលុបចោលការបញ្ជាទិញដែលត្រូវបានដាក់រួចហើយ និងទំនិញត្រូវបានផលិតរួចហើយ ឬកំពុងផលិតនៅពេលបច្ចុប្បន្ន»។ ក្នុងសេចក្តីប្រកាសក៏បានរំលឹកដល់ភាគីបញ្ជាទិញផងដែរថា៖ «អ្នកបានរួមចំណែកដល់ការអភិវឌ្ឍសង្គមរបស់ប្រជាជនកម្ពុជា រាប់លាននាក់ ដែលកំពុងពឹងផ្អែកលើវិស័យទាំងនេះក្នុងជីវភាពរស់នៅរបស់ពួកគេ»៕
- បារាំងប្រកាសពន្យារពេលរារាំងពលរដ្ឋមិនឲ្យចេញពីផ្ទះរហូតដល់ថ្ងៃទី១១ ខែឧសភា ប៉ារីស ៖ ប្រធានាធិបតីប្រទេសបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងទៅកាន់ប្រជាពលរដ្ឋតាមកញ្ចក់ទូរទស្សន៍នាយប់ថ្ងៃចន្ទ ទី១៣ មេសា នេះ ដោយបានប្រកាសពន្យារពេលការហាមឃាត់ពេលរដ្ឋមិនឲ្យចេញពីផ្ទះ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ខាងមុខ។ សូមជម្រាបថា នេះគឺជាបទអន្តរាគមន៍លើកទី៤ តាំងពីប្រទេសបានធ្លាក់ក្នុងវិបត្តិសុខាភិបាលដែលបង្កឡើងដោយជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីថ្លែងរយៈពេលជិត ៣០នាទី លោកម៉ាក្រុងបានលើកឡើងពីការផ្តើមចុះថយឥទ្ធិពលរបស់មេរោគកូរ៉ូណាថ្មីនេះផងដែរ។ គួរម្លឹកថា មកដល់ពេលនេះជំងឺឆ្លង COVID-19 បានសម្លាប់មនុស្សចំនួន ១៣ ៨៣២នាក់ និងអ្នកឆ្លងចំនួន ៣១ ៣២០នាក់ ក្នុងនោះមាន ៦ ៨៨៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គិតត្រឹមយប់ថ្ងៃចន្ទ ទី១៣ មេសា។ តាមប្រមុខរដ្ឋបារាំង មានតែវិធានការខ្ទប់ពលរដ្ឋមិនឲ្យចេញពីផ្ទះទេទើបគេអាចទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាថ្មីបាន៕
- CDC សម្រេចឱ្យក្រុមហ៊ុនចំនួន ២ បង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្រោមទុនជាង ៨,៦លានដុល្លារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី១៣មេសា ឆ្នាំ២០២០ បានអនុម័តឱ្យក្រុមហ៊ុន CAMBODIAN FG-XN PACKAGING INDUSTRIAL និងក្រុមហ៊ុន NAMPER PACKAGING (CAMBODIA) បង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្រោមទុនវិនិយោគសរុប ៨,៦លានដុល្លារ និងផ្តល់ការងារបានជាង ៧០០កន្លែង។ ក្នុងសេចក្តីសម្រេចរបស់ CDC បានបញ្ជាក់ថា ក្រុមហ៊ុន CAMBODIAN FG-XN PACKAGING INDUSTRIAL CO., LTD មានទុនចំនួន ៤,៧លានដុល្លារ មានគម្រោងបង្កើតរោចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទធ្វើពីក្រណាត់ ស្ថិតនៅឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកក្រុមហ៊ុន NAMPER PACKAGING (CAMBODIA) CO., LTD មានទំហំវិនិយោគ ៣,៩លានដុល្លារ ដែលបង្កើតរោងចក្រផលិតកេសកាតុង ស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ៕
- អាមេរិក៖ ព្យុះកំបុតត្បូងtornadoesបានវាយលុកប្រទេសអាមេរិកខណៈប្រទេសនេះកំពុងញាំញីដោយជំងឺកូវីដ១៩ BBC៖ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ បន្ទាប់ពីព្យុះ tornadoes បានបក់គួច បានបណ្តាលឱ្យមានទឹកជំនន់ ពាសពេញរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក។ ព្យុះ tornadoes បានបោកបក់នៅរដ្ឋ Louisiana រដ្ឋ Texas និង Mississippi ដោយគ្រោះធម្មជាតិនេះបានបន្ថែមបន្ទុក ឱ្យសហរដ្ឋអាមេរិកមួយកម្រិតទៀត ក្នុងពេលដែលប្រទេសនេះ កំពុងញាំញីដោយជំងឺកូវីដ១៩ ដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាង ២ម៉ឺននាក់ និងឆ្លងជាង៥៣ម៉ឺននាក់ទៀត។ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យរបៀបវារៈ គ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋ មីស៊ីស៊ីពី បានបញ្ជាក់ពីការស្លាប់នៅទូទាំងរដ្ឋចំនួន ៣ នាក់ ដោយសារតែព្យុះនេះ។នៅរដ្ឋ Louisiana ផ្ទះមួយចំនួន ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Monroe ។ សេវាកម្មអាកាសធាតុជាតិអាមេរិក បាននិយាយថា ព្យុះផ្គររន្ទះបានកើតឡើងនៅល្ងាចថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) រហូតដល់ថ្ងៃច័ន្ទ ជាពិសេសនៅទូទាំងរដ្ឋ Mississippi Alabama និងរដ្ឋ Georgia។ ទីភ្នាក់ងារនេះបានព្រមានថា“ ព្យុះកំបុតត្បូងខ្លាំង ខ្យល់បក់បោកខ្លាំង […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


