ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ (Rethinking Tourism)» ក្រោមអធិបតី ភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Harry Hwang នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការទេសចរណ៍ពិភពលោក នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវយុទ្ធ សាស្ត្រ ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន បង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍៖ បង្កើនកម្មវិធីបណ្តុះ បណ្តាលជំនាញបន្ថែម និងជំនាញថ្មី ដល់សិស្ស-និស្សិតកំពុងសិក្សា, អ្នកកំពុងបម្រើការងារ និងអ្នកធ្លាប់បម្រើការងារទេសចរណ៍ ដើម្បីកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព, ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវបន្ត និងពង្រឹងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនឡើងវិញ តាមរយៈយន្តការនៃការបណ្តុះបណ្តាលខាងក្នុង ដែលក្រសួងទេសចរណ៍បានដាក់ឲ្យប្រើប្រាស់ មុនវិបត្តិកូវីដ-១៩ ។
បង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន ស្របតាមយន្តការជាតិ និងអាស៊ាន ដើម្បីរក្សាមូលដ្ឋានមនុស្សក្នុងវិស័យទេសចរណ៍ បង្កើនភាពទាក់ទាញជំនាញទេសចរណ៍ ក៏ដូចជាជំរុញការអភិវឌ្ឍអាជីព ស្របតាមវិថីនៃការអភិវឌ្ឍអាជីពទេសចរណ៍កម្ពុជា ដែលក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធបានសហការអនុវត្តមុនវិបត្តិកូវីដ-១៩, ធ្វើការបណ្តុះជំនាញទេសចរណ៍ថ្មីៗ ស្របតាមនិន្នាការអាស៊ានដែលបានបញ្ចូលជំនាញម៉ាយចំនួន ៣២ជំនាញ និងជំនាញ ស្ប៉ា-ម៉ាស្សាចំនួន ៦ជំនាញ ទៅក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន បន្ថែមលើមុខជំនាញមានស្រាប់ចំនួន ៣២ជំនាញ។
បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍៖ បង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកផ្តល់សេវាកម្មនៅមូល ដ្ឋាន, ជំរុញឲ្យមានការសិក្សាស្រាវជ្រាវរកដំណោះស្រាយថ្មីៗ ក្នុងសេវាកម្មទេសចរណ៍ ដោយប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល តាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាទេសចរណ៍នានា សំដៅបំផុសគំនិតបង្កើតថ្មីដោយយុវជន។
សហគមន៍ទេសចរណ៍ដែលកំពុងដំណើរការត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ បង្កើតផលិតផលថ្មីៗបន្ថែមទៀត ដោយខិតខំស្រាវជ្រាវ និងចងក្រងភាពទាក់ទាញនៃធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ក្នុងតំបន់របស់ខ្លួន សំដៅប្រែក្លាយសក្តានុពលទាំងនេះជាផលិតផលទេសចរ ណ៍ល្អឯកប្រចាំតំបន់,ជំរុញបន្ថែម ការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារតាមជនបទ ដែលនឹងអាចចូលរួមបង្កើនការដាំដុះកសិផល ក៏ដូចជាការប្រើប្រាស់នៅមូលដ្ឋាន សំដៅពង្រឹងតួនាទីទេសចរ ណ៍ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងផ្តល់អត្ថប្រយោជន៍កាន់ប្រសើរដល់ពលរដ្ឋមូលដ្ឋាន, ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីប្រឡងប្រណាំងភូមិទេសច រណ៍ឆ្នើម ដែលបានរៀបចំដោយអង្គការទេសចរណ៍ពិភព លោក (UNWTO)។






