ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ប្រចាំស្រុកសំរោងទង ដែលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវជាយូរណាស់មកហើយ ទើបប្រទះឃើញក៏ឃាត់ខ្លួន និងដកហូតវត្ថុតាងជាច្រើន កាលពីវេលាម៉ោង១១ និង២៥នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលបាលបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានមុខសញ្ញាខាងលើ គឺកំលាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានធ្វើការល្បាត និងតាមដានស្រាវជ្រាវនៅក្នុងមូលដ្ឋាន បានពើបប្រទះឃើញមុខសញ្ញាខាងលើ ក៏ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនតែម្តង។
នគរបាលនិយាយថា មុខសញ្ញាដែលឃាត់មានឈ្មោះ ខេន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដនោះទេ រស់នៅភូមិត្រពាំអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីកម្លាំងនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយ ក៏បានសុំគោលការណ៍ទៅថ្នាក់លើ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរផ្ទះជនសង្ស័យផងដែរ។ នៅពេលដែលឃាត់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគងនោះនគរបាល ដកហូតគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ០៥កញ្ចប់ ក្នុងនោះកញ្ចប់ (មធ្យមចំនួន០១កញ្ចប់) និងទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ។
បន្ទាប់មកយើងបានធ្វើការឆែកឆេរផ្ទះជនសង្ស័យខាងលើ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ដកហូតបានគ្រឿងញៀនចំនួន០២កញ្ចប់បន្ថែមទៀត ក្នុងនោះកញ្ចប់ (មធ្យមចំនួន០១កញ្ចប់ និងធំចំនួន០១កញ្ចប់) ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង និងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនច្រើនទៀតផង។ សរុបគ្រឿងញៀនម៉ាទឹកកកចំនួន ០៧កញ្ចប់ ក្នុងនោះធំចំនួន ០១កញ្ចប់ មធ្យមចំនួន ០២កញ្ចប់ និងតូចចំនួន ០៤កញ្ចប់, ទូរស័ព្ទចំនួន០១គ្រឿង ជញ្ជីងថ្លឹង០១គ្រឿង និងសម្ភារះប្រើប្រាស់នឹងវិចខ្ចប់មួយចំនួនច្រើនទៀតផង។ ក្រោយពីឃាត់ធ្វើការសាកសួររួចមក ករណីខាងលើនេះនគរបាលស្រុកសំរោងទង បានកសាងសំណុំរឿងចាត់ការបន្ត តាមនិតិវិធី៕ អ៊ុ ណូន








