សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម ក្នុងឱកាសដែលព្រះអង្គបាន យាងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។
ព្រះចៅ ស៊ុល តង់ បានសម្ដែងបានសំដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
ព្រះអង្គទ្រង់ សព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនងរវាងព្រះរាជាណា ចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ និងបានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស សហការគ្នា លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរ គុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះ ត្រចង់។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពថ្លែងអំណរ គុណ ថ្វាយព្រះចៅ ស៊ុល តង់ ផងដែរ ចំពោះកិច្ចសហប្រ តិបត្តិការល្អរវាងព្រះរាជាណាចក្រនៃប្រទេសទាំងពីរ
បន្ទាប់ពីជំនួបទ្វេភាគី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រ៊ុយណេដារូស្សាឡាម បានយាង និង អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅ ស៊ុល តង់ ព្រុយណេ ដារូស្សាឡាម ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី។
គួរបញ្ជាក់ដែរថា ក្នុងឱកាសព្រះអង្គយាងមកបំពេញរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕







