ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកសិក្ខា សាលាពិគ្រោះយោបល់ត្រីភាគី ស្តីពី នីតិវិធីនៃការដោះ ស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល រៀបចំ ឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO)។
សិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គម សំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយនិងពេញលេញ ដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ។ សិក្ខាសាលានេះត្រូវបានសហការរៀបចំក្នុងគោលបំណងសំខាន់ ២ គឺ ទី១-បង្ហាញនូវចំណុចស្នូលលើនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ទី២-ប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំឱ្យបាននូវនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធ ភាពនិងភាពជឿទុកចិត្តបានពីគូភាគីវិវាទ សំដៅបន្តធានានូវគុណតម្លៃទាំង៣ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា ការធានានូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តអាទិភាពដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩ -២០២៣ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងន័យនេះ ក្រោមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ត្រូវបានទទួលស្គាល់ថា កាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនានិងភាពទាក់ទាញសម្រាប់វិនិយោគគិនជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា វិវាទការងាររួមដែលដោះស្រាយមិនសះជា ដោយមន្ត្រីផ្សះផ្សាវិវាទ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា៧០% នូវវិវាទការងារ រួមដែលក្រសួងបានបញ្ជូនទៅ។
សូមបញ្ជាក់ថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ ស្តីពី ការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែប្រកាន់ខ្ជាប់នូវ ការរៀបចំនូវកិច្ចសន្ទនាសង្គម ដើម្បីដោះស្រាយនូវរាល់បញ្ហាពាក់ព័ន្ធនឹងត្រីភាគី។
ជាក់ស្តែង នៅក្នុងការរៀបចំនីតិវិធីនិងការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាកម្មវត្ថុនៃការពិគ្រោះយោបល់នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានធ្វើការណែនាំនូវចំណុចមួយចំនួនសម្រាប់គ្រប់ភាគីធ្វើការពិនិត្យ ពិចារណា និងលើកយោបល់ ក៏ដូចជាសំណើសម្រាប់ដំណោះស្រាយផងដែរ៕ ដោយ៖ សំអាត និង ពិសិដ្ឋ






