ខេត្តឧត្តរមានជ័យ ៖ ស្នងការរងទទួលផែនសន្តិសុខខេត្តឧត្តរមានជ័យ បានអោយដឹងថា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នេះថា កម្លាំងនគរបាលអធិការស្រុកចុងកាល់ ពិតជាបានកោះហៅស្រ្តីម្នាក់ ឈ្មោះ ជឿយ ចាន់នី អាយុ៥១ឆ្នាំ ដែលជាអាជីវករលក់បាយ និងគុយទាវ នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុងចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងរឿងដែលគេចោទថា បានបោះឆ្នោតពីរដង ក្នុងអំឡុងព្រឹតិការណ៍បោះឆ្នោតកាលពីពេលថ្មីៗនេះ តែមិនមែនជារឿងឃាត់ខ្លួននោះទេ។
លោកឧត្តមសេនីយ៍ត្រី ពុទ្ធ ណុប ស្នងការរងទទួលផែនសន្តិសុខបានអោយដឹងថា ក្រោយពីមានគណនីហ្វេសបុក បង្ហោះរូបស្រ្តីម្នាក់មានស្នាមទឹកថ្នាំបោះឆ្នោតលើម្រាមដៃសងខាង ដោយបានសសេរថា «ស្រ្តីរូបនោះបានទទួលលុយ និងបានទៅបោះឆ្នោតចំនួនពីរដង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨» ហើយឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាលស្រុកចុងកាល់ ក៏បានកោះហៅស្រ្តីឈ្មោះ ជឿយ ចាន់នី ។
លោកបានបន្តថា តាមចម្លើយសារភាពរបស់ស្រ្តីខាងលើ និងតាមការអោយដឹងពីមន្រ្តី គជប ដែលប្រចាំការរៀបចំការបោះឆ្នោត នៅស្រុកចុងកាល់ បានអោយដឹងថា នៅថ្ងៃបោះឆ្នោត ក្រោយពីដាក់សន្លឹកឆ្នោតចូលហិបឆ្នោតរួច រូបគាត់ ជឿយ ចាន់នី បានជ្រលក់ចង្អុលដៃស្តាំចូលដបទឹកថ្នាំ តែមើលទៅពុំសូវឃើញមានទឹកថ្នាំប្រឡាក់ដៃ ព្រោះដៃរបស់គាត់ មានប្រឡាក់ខ្លាញ់ជ្រូកច្រើន ខ្លាចមិនជាប់ទឹកថ្នាំ ទើបរូបគាត់ជ្រលក់ម្តងទៀត តែច្រឡំដាក់ចង្អុលដៃឆ្វេងចូលក្នុងដបទឹកថ្នាំជំនួសវិញ ក៏ប្រឡាក់ជាប់តែម្តង។
លោកបានបញ្ជាក់ថា ក្រោយពីការសាកសួរ និងធ្វើការស្រាវជ្រាវពីមន្រ្តី គជប ស្រ្តីឈ្មោះ ជឿយ ចាន់នី មិនមានពាក់ព័ន្ធដូចការចោទប្រកាន់ បានទទួលលុយ ហើយបោះឆ្នោតពីរដង ដូចគណនីហ្វេសប៊ុកឈ្មោះ «Hang Meang Khou» ផុសក្នុងបណ្ដាយសង្គមនោះឡើយ ហើយសមត្ថកិច្ចក៏បានអោយត្រឡប់ទៅវិញនៅថ្ងៃដដែលនោះ។
តាមការរៀបរាប់ពីស្រ្តីឈ្មោះ ជឿយ ចាន់នី បានរៀបរាប់ថា នៅពេលជ្រលក់ដៃចូលដបថ្នាំ ដែលដៃខាងស្តាំ មានប្រឡាក់ខ្លាញ់ជ្រូកច្រើន នៅពេលលក់បាយ គុយទាវ ដោយរូបគាត់ច្រឡំដាក់ដៃឆ្វេង ជ្រលក់ចូលដបថ្នាំ ក៏ប្រឡាក់ជាប់តែម្តង។ រូបគាត់បានរៀបរាប់បន្ថែមទៀតថា មានភ្ញៀវម្នាក់មកពីខេត្ដខេត្តសៀមរាប បានចូលហាងបាយរបស់គាត់ ដោយឃើញដៃគាត់មានប្រឡាក់ថ្នាំលើចង្អុលដៃទាំងសងខាង ក៏បានសុំថត គាត់ក៏អោយថត តែមិនបានដឹងថា គេថតយកទៅបង្ហោះហ្វេសបុកអ្វីនោះទេ៕









