ក្នុងថ្ងៃទិវាជាតិនៃការចងចាំ ខ្ញុំសូមជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរង គ្រោះដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍។
នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯ.ឧ ហ៊ុន ម៉ានី បានបញ្ជាក់ថា ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយ ដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ។
ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការដាស់តឿនក្រើនរំឮកស្មារតីយើងម្នាក់ៗ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាលអាចកើតឡើងវិញបាន និងការពារសមិទ្ធផលនានា ដែលត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត៕






