សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក បានលើកឡើងថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់មានទំនាក់ទំនិងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា តំាងពីរយូរណាស់មកហើយ។
ដូច្នេះប្រទេសទំាងពីរ ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតនៅក្នុងការកសាងសមិទ្ធផលថ្មីៗដល់ប្រទេសទំាងសងខាង។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានលើកឡើងថា អាល្លឺម៉ង់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ និងការផ្តល់ជំនួយសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍នានា និងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម និងវប្បធម៌ ដ៏ល្អជាមួយគ្នាផងដែរ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំ នងការទូត ជាមួយគ្នារយៈពេលជាង ៥ទសវត្សរ៍មកហើយ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
កាលពីសប្តាហ៏មុន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់។
ដំណើរទស្សនកិច្ចរបស់លោក ជំទាវ និងគណៈប្រតិភូនាពេលនេះ នឹងកាន់តែជួយលើក កម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរីកចម្រើនខ្លាំងក្លាទ្វេដងថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានអរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា តាំងពីដំណាក់ កាលស្វែងរកសន្តិភាព រហូតដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើគ្រប់វិស័យ រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ថាមពល ការបោសសម្អាតមីន ការកាត់ បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់ដីធ្លី ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អជាដើម៕






