(CNN) ការរលាយផ្ទាំងទឹកកកដ៏ធំនៅ ហ្គ្រីនឡែន បានធ្វើអោយកើនឡើងកម្រិតទឹកសមុទ្រពិភពលោកជិតមួយហ្វីត ដែលគ្រោងនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការស្រាវជ្រាវថ្មីបានបង្ហាញថា មិនមានវិធីដើម្បីបញ្ឈប់វាទេ ទោះបីជាពិភពលោកឈប់បញ្ចេញ ការបំភាយកំដៅសព្វថ្ងៃនេះក៏ដោយ។ អ្នកស្រាវជ្រាវមិនបានបញ្ជាក់ពីពេលវេលាកំណត់ទេតែ ពួកគេព្យាករណ៍ថា ការផ្លាស់ប្តូរកម្រិតទឹកសមុទ្រអាចកើតឡើងនៅចន្លោះពេលនេះដល់ចុងសតវត្ស។
ការរកឃើញនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ការកើនឡើងកម្រិតទឹកសមុទ្រ ឆ្នាំ២០២២ ដែលចេញផ្សាយនៅដើមឆ្នាំនេះ ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ ដែលបានរកឃើញថាឆ្នេរសមុទ្រអាមេរិកអាចរំពឹងថា នឹងកើនឡើងពី១០ទៅ១២ អ៊ីញនៃកម្រិតទឹកសមុទ្រក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។
របាយការណ៍ថា គ្រោះទឹកជំនន់ខ្ពស់នឹងកើតឡើងច្រើនជាង១០ ដងជាញឹកញាប់ និងបណ្តាលអោយមានខ្យល់ព្យុះបោកបក់ផងដែរ។
ទឹកកកនៅហ្គ្រីនឡែនប្រសិនបើវារលាយទាំងអស់ វាអាចអោយកំពស់ទឹកសមុទ្រ ឡើងប្រហែល ២៥ហ្វីតជុំវិញពិភពលោក ប៉ុន្តែមិនមែនមានន័យថា វានឹងកើនឡើងស្មើៗគ្នានៅជុំវិញពិភពលោកនោះទេ។
អ្នកវិទ្យាសាស្ត្របានប្រាប់ CNN ថាអាកាសធាតុក្តៅខុសពីធម្មតានៅភាគខាងជើងហ្គ្រីនឡែនថ្មីៗនេះបានបង្កឱ្យមានការរលាយយ៉ាងឆាប់រហ័សជាមួយនឹងសីតុណ្ហភាពប្រហែល៦០ដឺក្រេ-១០ដឺក្រេក្តៅជាងធម្មតាសម្រាប់ពេលវេលានៃឆ្នាំនេះ។
គួរបញ្ជាក់អោយដឹងផងដែរថា បរិមាណផ្ទាំងទឹកកកចំនួន៦ពាន់លានតោននៅហ្គ្រីឡែនបានរលាយរួចហេីយក្នុង ចន្លោះថ្ងៃទី១៥ និង១៧ ខែកក្កដា នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលទិន្នន័យព្រិលនិងទឹកកកជាតិអាមេរិក៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ







