អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់អ្នកងាយរងគ្រោះបំផុតនៅតាមបណ្តា អង្គការ- សមាគម-មណ្ឌល ចំនួន ៥ នៅរាជធានីភ្នំពេញ។
សម្រាប់មណ្ឌលទី៥ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយយុវជនកាកបាទក្រហមកម្ពុជា និងសប្បុរស ជន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី១០ (គិតចាប់តាំងពីឆ្នាំ២០១៦) ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ២៦០នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនបុរីទារក និងកុមារជាតិរួមមាន៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកក្រូច ៣០កេស, ទឹកបរិសុទ្ធ ៤០កេស, ផ្លែក្រូច ៥កេស, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល។ ដោយឡែក លោកគ្រូអ្នកគ្រូ បុគ្គលិក ទាំង ២៦០នាក់ ទទួលបានអាហារសាមគ្គីដ៏ឈ្ងុយឆ្ងាញ់ ១ពេល ដែលមានមុខម្ហូបដូចជា៖ សម្លម្ជូរយួនគ្រឿងសមុទ្រ, ឆាឡុកឡាក់សាច់គោ, ខជើងជ្រូកស្ពៃជូរ, បាយឆា និងបង្អែមខ្មែរ៕






