ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស៥នាក់ បានស្លាប់បន្ទាប់ពីការផ្ទុះឆេះ នៅក្នុងឃ្លាំងកាំជ្រួចនៅក្នុងផ្សារទំនើបមួយក្នុងរដ្ឋធានី យេរេវ៉ាន់ (Yerevan) ប្រទេសអាមេនី កាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់ប្រទេសរុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្តីលោក ដៃក ខូសស្តានយ៉ាន លេខាធិការសារព័ត៌មាននៃក្រសួងស្ថានការណ៍គ្រាអាសន្ន។
លោក ខូសស្តានយ៉ាន បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមិនស្គាល់អត្តសញ្ញាណពីរនាក់ នៅពីក្រោមគំនរបាក់បែក ដោយបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ប្រាំនាក់។
រដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ន អាមេន ប៉ាមប៊ូកឆ្យាន ត្រូវបានស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ស្ពត់និក អាមេនី (Sputnik Armenia) ថា ភ្លើងដែលបណ្តាលមកពីការបំផ្ទុះត្រូវបានពន្លត់ហើយ ប៉ុន្តែខ្យល់បក់ខ្លាំងនៅតែបង្កការគំរាមកំហែង ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។ ទីភ្នាក់ងារព័ត៌មានរដ្ឋ អាមេនប្រេស (Armenpress) បាននិយាយថា មនុស្សចំនួន ១៧ នាក់នៅតែបាត់ខ្លួន៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង