
ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថារដ្ឋសភាម៉ាឡេស៊ី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការបញ្ជាក់នេះធ្វើឡើងក្នុងអំឡុងពេលលោក ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
.សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការប្តូរនឹងសន្តិភាពរយៈពេលវែង និង ចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅដែលកើតមានឡើងនូវចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។
ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានថ្លែងថា សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។ សម្តេច បានបូជាលះបង់យ៉ាងធំធេង និងជាមគ្គទ្ទេសក៍ឆ្នើម ក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម ចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ ធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអបអរ សាទរចំពោះការផ្លាស់ប្តូរអ្នកបន្តវេននៅកម្ពុជាប្រកបដោយជោគជ័យ។
ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ក្នុងនាមប្រធានអាស៊ានម៉ាឡេស៊ី ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ ជាពិសេសការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការផ្លាស់ប្តូរនិស្សិតផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។
ឯកឧត្តមប្រធានរដ្ឋសភា បានបន្តថា តាងនាមឱ្យរដ្ឋសភាម៉ាឡេស៊ី ឯកឧត្តម ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការចូលរួមអបអរ សាទរ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ៤៦ និង៤៧។ សម្តេចតេជោ មានសេចក្តីរីករាយដោយបាន ឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការកើនឡើង ជាពិសេសការផ្លាស់ប្តូរយ៉ាងច្រើននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
នៅក្នុងក្របខណ្ឌសភា សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមប្រធានរដ្ឋសភា ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅឆ្នាំនេះ និង មហាសន្និ បាតអាយប៉ានឹងសម្រេចបានជោគជ័យ។ ទន្ទឹមគ្នានេះ សម្តេចតេជោ មានក្តីរីករាយ និងសាទរចំពោះ ទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។
សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរ គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍…។
សម្តេចតេជោ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់នេះរីកចម្រើនបន្ថែមទៀត និងស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ៕
