(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានឱ្យចុះចាត់វិធានការ ដោយដាក់ពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ (COVID-19)។
ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃ បានសម្រុកនាំគ្នាចាកចេញពីប្រទេសថៃ ត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
សម្តេចណែនាំថា «ណែនាំពួកគាត់នៅក្នុងផ្ទះមែន តែនៅដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារជំងឺរាតត្បាតនេះ។ បើមានសញ្ញាអីយកមកពិនិត្យឱ្យបានច្បាស់លាស់»។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។
តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។
ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដ មកជាមួយ ខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។
មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់ហើយ។
ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។







