កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីថ្លែងការបដិសេធថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញមុខបំភ្លឺជុំវិញករណី អគ្គិភ័យឆេះ រថយន្ដ១គ្រឿង (នៅពេលរថយន្ដបញ្ចូលហ្គាស) ម៉ាក Highlander ដែលមានការរិះគន់ លើសមត្ថកិច្ចធ្វើកំណត់ហេតុ ជនរងគ្រោះ និងពន្យារពេលការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យជនរងគ្រោះម្នាក់ទទួល មរណភាព។
ក្នុងសេចក្ដីបំភ្លឺ របស់ស្នងការដ្ឋានខេត្តកំពង់ស្ពឺ ជុំវិញករណីខាងលើនេះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨និង១០នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្ដ១គ្រឿង (នៅពេលរថយន្ដ បញ្ចូលហ្គាស) ម៉ាក Highlander ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ 2AR-6124 កម្មសិទ្ធរបស់ឈ្មោះ តាំង គីមហេង ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈយីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួនជូនជ្រាប ចំពោះករណីអគ្គិភ័យឆេះរថយន្ដ១គ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ 2AR-6124 នៅចំណុច ស្ថានីយ៍ប្រេងឥន្ធនៈយីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ តាមបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិចំបកក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ អធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការអន្ដរាគមន៍ជួយពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ ក្នុងនោះមានជនជាតិខ្មែរ-ចិន ចំនួន២នាក់ មានឈ្មោះ តាំង គីមហេង ភេទប្រុស ជាតៃកុងឡាន និងឈ្មោះ លីន ប៊ីនប៊ីន ភេទប្រុស ជនជាតិចិន អ្នករួមដំណើរ រយៈប្រមាណ២០នាទី ក្រោយហេតុការណ៍ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ក្នុងពេលនោះ សមត្ថកិច្ចបានទំនាក់ទំនងទៅរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី និងរថយន្ដសង្គ្រោះឯកជន ដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ក្នុងរយៈពេលរង់ចាំរថយន្ដសង្គ្រោះមកដល់ សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ បានជួយសង្គ្រោះបឋម (ប្រើស្បៃ និងភួយសើម ហើយយកជនរងគ្រោះអង្គុយក្នុងបន្ទប់ម៉ាស៊ីន ត្រជាក់ម៉ាតស្ថានីយ៍ប្រេង)។
ពេលនោះ សមត្ថកិច្ច ឈ្លៀតសាកសួរបឋម អំពីក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើការទំនាក់ទំនងជូនដំណឹង អំពីគ្រោះថ្នាក់ របស់ជនរងគ្រោះ ថ្មីៗនេះតាមរយៈបណ្ដាញសង្គម ក៏ដូចជាសារព័ត៌មានមួយចំនួន បានចុះផ្សាយចោទប្រកាន់ដោយខ្វះ ប្រភពព័ត៌មានច្បាស់លាស់ថា សមត្ថកិច្ចធ្វើកំណត់ហេតុជនរងគ្រោះ និងពន្យាពេលការបញ្ជូនជនរងគ្រោះទៅកាន់ មន្ទីរពេទ្យ ទើបបណ្ដាលឲ្យជនរងគ្រោះទទួលមរណៈភាព។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ និង សូមធ្វើការបដិសេធ និងមិនទទួលយកចំណុចរិះគន់ទាំងឡាយណា ដែលខ្វះព័ត៌មានពិត ចំណែកក្រុមគ្រួសារជនរងគ្រោះ បានសម្ដែងការអរគុណចំពោះសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំជួយខ្នះខ្នែង បញ្ជូនជនរងគ្រោះទៅកាន់ មន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងបានជួយសម្របសម្រួលនីតិវិធីមួយចំនួនទៀត។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គម Facebook មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែលមិនពិត និងខ្វះប្រភពព័ត៌មាន នាំឲ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្ដិយសស្ថាប័ន សមត្ថកិច្ ចដែលកំពុងបំពេញភារកិច្ច ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕ អ៊ុ ណូន












