តមតាមការអញ្ជើញរបស់ឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមក្នុងវេទិកាអនាគតអាស៊ាន។ នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជា ការចូលរួមចំណែករបស់វៀតណាមដល់ពាណិជ្ជកម្មតំបន់ ការពង្រឹងភាពធន់នៃច្រវ៉ាក់ផ្គត់ផ្គង់ និងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។






