(ខេត្តក្រចេះ,ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយការងារបោះឆ្នោតជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តក្រចេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ស្នើដល់មន្រ្តីរបស់ខ្លួនធ្វើយ៉ាងណា ត្រូវប្រកាន់ខ្ជាប់វិជ្ជាជីវ:ជាមន្ត្រី គ.ជ.ប ប្រកបដោយភាពទទួលខុសត្រូវខ្ពស់និងត្រូវគោរពសិទ្ធិពលរដ្ឋជាម្ចាស់ឆ្នោត។
ក្នុងពិធីនោះដែរ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានលេខាធិការដ្ឋាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់មន្ត្រីបោះឆ្នោតនៅ ល.ខ.ប ក្រចេះ ដែលបានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន កាណូត ម៉ូតូ ឆ្លងកាត់ផ្លូវលិចទឹក ដោយថ្មើរជើង និងជាពិសេសដោយឧទ្ធម្ភាគចក្រ ដើម្បីបម្រើដល់ការបោះឆ្នោត ក្នុងស្ថានភាពភូមិសាស្រ្តដែលពិបាកមិនដូចជាខេត្តដទៃ នៃប៉ែកឥសាន្ត ។
ជាមួយគ្នានោះ យើងត្រូវបន្តការប្រើប្រាស់មធ្យោបាយទាំងអស់នេះតទៅ ដើម្បីបម្រើសេវារបស់ .គជ.ប. ហើយត្រូវគោរពសិទ្ធិម្ចាស់ឆ្នោត ត្រូវស្រឡាញ់ និងបម្រើម្ចាស់ឆ្នោត។
ម្យ៉ាងវិញទៀត ក្រៅពីភាពជាអ្នកបម្រើសេវា យើងត្រូវតែប្រកាន់ភ្ជាប់គោលការណ៍ផ្សេងទៀតគឺ ឯកភាព អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈភាព ហើយបើអនុវត្តតាមគោលការណ៍ទាំងអស់នេះបាន គ្មាននរណាហ៊ានតវ៉ា ហើយពិតជាបានការទទួលស្គាល់ពីម្ចាស់ឆ្នោតនិងគ្រប់ភាគីពាក់ព័ន្ធ ។
យោងតាមរបាយការរបស់មន្ត្រី គ.ជ.ប ខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះមានស្រុកចំនួន៥និងក្រុង១ មាន៤៧ឃុំសង្កាត់ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៩៤.០៨០ គ្រួសារ ស្មើនឹង ៤១៧.២៣១ នាក់ក្នុង នោះអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានចំនួន ២៤៥.៧៦១នាក់។
ខេត្តក្រចេះមានបងប្អូនជនជាតិដើមភាគតិចចំនួន ៤៩.៨៨២ នាក់ ស្មើនឹង ១១.៩៥% នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងខេត្តហើយមានចំនួន ៧ អំបូល រួមមាន-ជនជាតិព្នង-កួយ-ស្ទៀង-ខោញ ថ្មូន និងក្រោល ដែលភាគច្រើនរស់នៅក្នុងតំបន់ភូមិសាស្រ្តស្រុកសំបូរ-ចិត្របុរីនិងស្រុកស្នួល ។
ហើយនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ គឺមានឃុំចំនួន ១២ ដែលមានស្ថានភាពផ្លូវលំបាក ត្រូវឆ្លងទឹក ចុះអូរ ផ្លូវរអិល នៅពេលដែលត្រូវប្រតិបត្តិការចល័តក្រុមការងារចុះឈ្មោះបោះឆ្នោត ក៏ដូចជាការដឹកសម្ភារៈបម្រើឲ្យការបោះឆ្នោត និងការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ម្ដងៗ គឺត្រូវប្រើប្រាស់ទូក រទេះគោ គោយន្ត និងឧទ្ធម្ភាគចក្រជាដើម៕
ដោយ៖ឡេង ស៊ាងឡាយ(កែសម្រួលដោយ មណ្ឌល កែវ)





