CGTN÷ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហ ប្រជាជាតិ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បង្កឡើងដោយបាតុភូត អែល នីណូ (El-Nino) នៅក្នុងប្រទេសសូម៉ាលី បានកើនឡើងដល់ ១១៨ នាក់ ខណៈទឹកកំពុងស្រក ក្នុងតំបន់ជាច្រើន និងកាត់បន្ថយហានិភ័យផងដែរ។ការិយាល័យអង្គការសហ ប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ភ្លៀងបានធ្លាក់ចុះនៅក្នុងតំបន់ជាច្រើន នៃប្រទេសសូម៉ាលី ជាមួយនឹងស្ថានភាពស្ងួត នៅទូទាំងប្រទេសកាលពីសប្តាហ៍មុន។
OCHA បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ស្តីពីស្ថានភាពទឹកជំនន់ កាលពីល្ងាចថ្ងៃ អាទិត្យនៅទីក្រុង ម៉ូហ្គាឌីហ្សូ (Mogadishu) រដ្ឋធានីនៃប្រទេសសូម៉ាលីថា បង្ហាញពីការព្រួយបារម្ភអំពីការផ្ទុះឡើង នៃជំងឺ ដែលអាចឆ្លងតាមទឹកដូចជា រាគជំងឺអាសន្នរោគ ក៏ដូចជាជំងឺគ្រុនឈាម និងគ្រុនចាញ់ផងដែរ។
យោងតាមទីភ្នាក់ ងារគ្រប់គ្រងគ្រោះមហន្តរាយសូម៉ាលី (SoDMA) បានឱ្យដឹងថា ចំនួនមនុស្សដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានកើនឡើងដល់ ២.៤៨ លាននាក់ ហើយ ១.១ លាន នាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេស៕ប្រែសម្រួលដោយ រម៉ាម វ៉ុង






