ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញធ្វើបាឋកថាស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជូនដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិសិត្ស នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីផលវិបាកនៃសង្រ្គាម បញ្ហាប្រឈម សារសំខាន់ និងសមិទ្ធផលសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធ ដែលបានធានានូវសុខសុវត្ថិភាព សន្តិសុខ និងបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់បម្រើដល់ការអភិវឌ្ឍសង្គមជាតិ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យលោកគ្រូ-អ្នកគ្រូ សិស្សនិសិ្សតទាំងអស់ត្រូវបន្តរៀនសូត្រ និងចងចាំឱ្យបានច្បាស់ពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា ប្រវត្តិសាស្រ្តនៃការឈឺចាប់ដោយសារសង្រ្គាម និងការបែកបាក់សង្គមជាតិខ្មែរ ដើម្បីកសាងនូវប្រវត្តិសាស្រ្តថ្មីមួយ និងការធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុខសុវត្ថិភាព និងរួចចាកផុតពីមរតកនៃសង្រ្គាមទាំងនោះ។ យើងត្រូវបន្តចូលរួមជាមួយការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាលុបបំបាត់នូវគ្រោះថ្នាក់ និងទុក្ខវេទនាទាំងឡាយណាដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ជាមួយនឹងសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តនេះ កម្ពុជា បានត្រៀមខ្លួចរួចជាស្រេចក្នុងបង្ហាញទៅកាន់ពិភពលោកអំពីគុណតម្លៃនៃសន្តិភាព និងកម្ពុជាថ្មី តាមរយៈកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ យើងមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមថាភ្ញៀវមកពីជុំវិញពិភលោក នឹងទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ហើយពួកគេនឹងក្លាយជាឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយដំណឹងល្អ និងវិជ្ជមានពីកម្ពុជាទៅកាន់សកលលោក៕