អង់គ្លេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីអង់គ្លេស លីស ត្រាស នឹងផ្តល់សារមួយរបស់ចក្រភពអង់គ្លេស នៃការបន្តផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ ក្នុងឆ្នាំ២០២៣ ដែលកញ្ចប់ជំនួយអាចនឹងលើសពី ២.៣ពាន់លានផោន ឬប្រមាណ ២.៦៣ពាន់លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីអង់គ្លេសក៏ត្រូវបានគេរំពឹងថា នឹងប្រើសុន្ទរកថា របស់លោកស្រីនៅអង្គការសហប្រជាជាតិ ដើម្បីអោយលោកខាងលិច បង្កើនការគាំទ្រចំពោះអ៊ុយក្រែន ក្នុងការប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅភាគខាងកើតនៃប្រទេស។
យោងតាមរបាយការណ៍បានឱ្យដឹងថា ជំនួយយោធារបស់ចក្រភពអង់គ្លេសបានពាក់ព័ន្ធនឹងការផ្តល់គ្រាប់រ៉ុក្កែតរាប់រយ រថពាសដែកចំនួន១២០ គ្រឿង ប្រព័ន្ធការពារដែនអាកាសចំនួន៥ និងកងទ័ពអ៊ុយក្រែនប្រមាណ២៧,០០០ នាក់ត្រូវបានបណ្តុះបណ្តាល ដោយកងកម្លាំងចក្រភពអង់គ្លេសចាប់តាំងពីឆ្នាំ២០១៥ ។
ជំនួយនេះធ្វើអោយអង់គ្លេសក្លាយ ជាអ្នកផ្តល់ជំនួយធំទីពីរដល់អ៊ុយក្រែនផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា