តាមរយៈអនុស្សារណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ីនិងបរិស្ថាន តាម រយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យក្រសួងបរិស្ថា នកម្ពុជានូវសម្ភារមួយចំនួន រួមមាន អំពូលបំភ្លឺផ្លូវចំនួន ២៨០០ដើម សូឡាPV ចំនួន២០០ គ្រឿង ម៉ូតូអាគុយចំនួន ២០០គ្រឿង និងឧបករណ៍សម្រាប់មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន២០សម្រាប់ សរុបជាទឹកប្រាក់ប្រមា ណ៣លានដុល្លាសហរដ្ឋអាមេរិក។
ពិធីប្រគល់សម្ភារៈជានិមិត្តរូប ធ្វើឡើងក្រោមវត្ថមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។
ជំនួយជាសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោនងសាកល្បងបញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួង បរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈកិច្ចសហប្រតិ បត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការ យល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថាជំនួយជាសម្ភារៈទាំងនេះគឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងជួយប្រទេសកម្ពុជាលើផ្នែកវិស័យបរិស្ថាន។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានបានថ្លែងអំណរគុណចំពោះក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិនដែលបានផ្តល់ជំនួយសម្ភារៈនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា សម្ភារៈបំភ្លឺនេះ នឹងត្រូវដាក់ឱ្យប្រើនៅតាមទីសាធារណៈក្នុងខេត្តព្រះសីហនុ ជាពិសេសនៅបំភ្លឺនៅតាមសាលារៀននានាក្នុងខេត្តព្រះសីហនុ ហើយក៏ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សបាន សិក្សាពីសម្ភារៈប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏ដូចជាជួយបំភ្លឺ កន្លែងហាត់កីឡានានា។
ឯកឧត្តមបានថ្លែងថា គោលដៅសំខាន់គឺធ្វើឱ្យឪពុកម្តាយសិស្ស វិលត្រឡប់មកសាលារៀន ដើម្បីហាត់កីឡា និងមានឱកាស អាចជជែកពិភាក្សា ជាមួយលោកគ្រូអ្នកគ្រូ។
ឯកឧត្តមបន្តថាម៉ូតូអាគុយនិងឧបករណ៍សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ត្រូវបានយកមកប្រើប្រាស់នៅទីស្តីការក្រសួងបរិស្ថាន នៅមន្ទីពិសោធន៍និងតាមទីតាំងត្រួតពិនិត្យតាមដានរបស់ក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ ២០២០ ក្រសួង បរិស្ថានកម្ពុជា សម្រេចបានអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នសំខាន់ៗនៃសារធារណៈរដ្ឋប្រជាមានិតចិន ចំនួន៨ គ្រប់ដណ្តប់លើ
(១) កិច្ចសហប្រតិ បត្តិការគាំពារបរិស្ថានកម្ពុជា-ចិន
(២) ការបង្កើតការិយា ល័យរៀបចំមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា -ចិន
(៣) ការផ្ដល់ជំនួយឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់
(៤) កិច្ចសហប្រតិបត្តិការសាកល្បងក្នុងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី
(៥) ការរៀបចំមន្ទីរពិសោធន៍សហប្រតិបត្ដិការ កម្ពុជា-ចិន
(៦) ការរៀបចំតំបន់បញ្ចេញកាបូនតិច និង
(៧) ការផ្ដល់ជំនួយស្ថានីយតាមដានគុណទឹកស្វ័យប្រវត្តិ ជាដើម៕






