ទាំងនេះគឺជាទិដ្ឋភាពដ៏កម្រមួយនៅក្នុងភូមិព្រះដាក់ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ សប្បុរសជន ព្រះ សង្ឃ មន្ត្រីរាជការ កងកំលាំង ប្រជាការពារ និងយុវជនសសយក បានរួមកំលាំងគ្នា រៃអង្គាសជាថវិកា សុីម៉ង់ត៍ ថ្ម ខ្សាច់ សម្ភារៈ និងពលកម្ម ដើម្បីជួយសាងសង់ផ្លូវបេតុងទទឹង ៥ម៉ែត្រមួយខ្សែប្រវែងជិត៣០០ម៉ែត្រ។ ម្ចាស់ផ្ទះដែលនៅសងខាងផ្លូវ តែមិនអាចមានលទ្ធភាពជួយជាកំលាំង ឬថវិកា ក៏បានចូលរួមតាមរយៈការរៀបចំដាំស្ល និងរៀបចំបាយទឹកជូនដល់ក្រុមការងារចម្រុះសហគមន៍ ដែលកំពុងសស្រាក់សស្រាំសាងសង់ផ្លូវបេតុងនៅក្នុងភូមិរបស់ពួកគាត់។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញមោទនភាពដែលបានបំពេញតួនាទី និងបម្រើនៅក្នុងស្រុកមួយដែលមានប្រជាពលរដ្ឋ ចេះឈឺឆ្អាលខ្វាយខ្វល់ពីការអភិវឌ្ឍភូមិដ្ឋានរបស់ខ្លួនបែបនេះ។
លោកថា សកម្មភាពនេះបានធ្វើជាគំរូដ៏ប្រពៃ នៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍របស់ខ្លួន។ លោកថា “ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញ និងមានការចូលរួមបែបនេះ ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបាននូវរាល់តម្រូវការចាំបាច់នៅក្នុងមូលដ្ឋានរបស់ស្រុកយើងជាក់ជាមិនខាន”។
ជាមួយនឹងផ្លូវបេតុង ដែលជាថវិការបស់សហគមន៍ទាំង ស្រុងមួយខ្សែនេះ ភូមិព្រះដាក់ទាំងមូលនឹងលែងមានដីហុយទៀតហើយ ហើយវាក៏នឹងបង្កើនភាពស្រស់ស្អាតមួយកម្រិតទៀតដល់ភូមិគំរូមួយនេះផងដែរ។
នេះមិនមែនជាលើកទីមួយទេ ដែលអ្នកភូមិព្រះដាក់បានបង្ហាញភាពជាម្ចាស់នៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជាការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អក្នុងពេលកន្លងមក៕






