ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់បានរើកកាយ លួចយកកាំភ្លើងឪពុករបស់ខ្លួន បាញ់សម្លាប់ខ្លួន ខណៈឪពុកកំពុងអង្គុយលេងនៅក្រៅផ្ទះ សង្ស័យជំងឺរើឡើង។ ករណីនេះសមត្ថកិច្ចបានសន្និដា្ឋនថា ជនរងគ្រោះអាចមានជំងឺសរសៃប្រសាទ ធ្វើទុក្ខ ព្រោះកន្លងមក តាមសេចក្តីរាយការណ៍ពីឪពុកសព គឺជនរងគ្រោះធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន ដោយចងកជាច្រើនលើកច្រើនសារមកហើយ។
ករណីបាញ់សម្លាប់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង ០៣ និង០៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យុវជនរងគ្រោះមានឈ្មោះ ឆិល ពុធតុលា អាយុ២១ឆ្នាំ មានឪពុកឈ្មោះ ឯម សុខុម ជាមន្ត្រីមន្ទីរកសិកម្មខេត្ត រស់នៅកន្លែងកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា តាមសេចក្តីរាយការណ៍ពីក្រុមគ្រួសារសព គឺខណៈដែលឪពុកកំពុងអង្កុយលេងនៅក្រៅផ្ទះ ស្រាប់តែជនរងគ្រោះ ដែលបាត់ពីផ្ទះ១ថ្ងៃមកហើយនោះ បានចូលមកដល់ ហើយដើរសំដៅទៅក្នុងផ្ទះបាត់ទៅ។ ការដែលជនរងគ្រោះចូលមកនេះ ឪពុកក៏មិនបានចាប់អារម្មណ៍ដែល ហើយក៏គិតស្មានថាកូនមកពីដើរលេងដូចសព្វដង តែមិននឹកស្មានថារូបគេ ចូលទៅក្នុុងបន្ទប់ ហើយរើកកាយយកកាំភ្លើង បាញ់សម្លាប់ខ្លួនបែបនេះទាល់តែសោះ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អោយដឹងតាមទូរសព្ទ័ថា ជនរងគ្រោះជាមនុស្សមានជំងឺសរសៃប្រសាទជាប់ខ្លួន កន្លងមកតាមសេចក្តីរាយការណ៍ ពីឱពុកជនរងគ្រោះ គឺរូបគេធ្លាប់ប៉ុនប៉ងចងកសម្លាប់ខ្លួន ច្រើនលើកមកហើយ តែមិនបានសម្រេច ដោយឪពុកឃើញទាន់ លើកចុងក្រោយនេះក៏ធ្វើអត្តឃាត់បានសម្រេចតែម្តង។
លោក ឯម សុខុម បានប្រាប់ផងដែលថា អាវុធរបស់លោក ដែលកូនយកទៅបាញ់សម្លាប់ខ្លួននេះ ម៉ាកការ៤៥ ជាអាវុធរបស់លោកកាន់កាប់ ប្រើប្រាស់ ដោយមានការទទួលស្គាល់ ពីប្រធានអង្គភាពត្រឹមត្រូវ ហើយចំពោះអាវុធនេះ គឺលោកលាក់ទុកក្រោមពូកដេករបស់លោក តែមិននឹកស្មានថាកូនវារកឃើញ ហើយយកមកបាញ់សម្លាប់ខ្កួនបែបនេះសោះ។ លោក ឯម សុខុម បន្តថា កូននេះគឺលោកស្រលាញ់ជាងគេ ហើយរាល់ថ្ងៃនេះទៀតសោក កំពុងសង់រោង៣ខ្នងអស់លុយរាប់មុឺនដុល្លារ ទុកអោយគេចិញ្ចឹមជ្រូក តែមិននឹកស្មានថាកូនគិតខ្លីដល់ថ្នាក់ណឹងសោះ។
បើតាមសាច់ញាតិជិតខាងផ្ទះកើតហេតុ បង្ហើបប្រាប់គឺ ជនរងគ្រោះជាមនុស្សញៀនថ្នាំ ទោះជាឪពុក អប់រំប្រដៅ និងណែនាំយ៉ាងណា ក៏ជនរងគ្រោះមិនស្តាប់តាមការណែនាំដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាបានយកកាំភ្លើងរបស់ឪពុកគេ បាញ់សម្លាប់ខ្លួនប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន








