កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិ សុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរចំពោះគណបក្សប្រជា ជនកម្ពុជាដែលទទួលបានជ័យជំនះលើការបោះឆ្នោត ដោយទទួលបាន៥៥អាសនៈ។
ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើការសួរសុខទុកថ្វាយជូនព្រះករុណា ព្រះបាទ សម្ដេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀតនៃប្រទេសកម្ពុជាផងដែរ។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV, ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២។ ពិសេសបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។
ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ ដឹកនាំទាំងពីរបានឯកភាពឱ្យក្រសួងទេសចរណ៍បង្កើនកិច្ចពិភាក្សាដើម្បីស្វែងរកឱកាសក្នុងការជំរុញកំណើនទេសចរណ៍ក្នុងប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាលើកិច្ចការមួយ ចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ ៕






