អង្គការស្វីសខន់ថាក់ (Swisscontact) បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងអប់រំបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលមានរយៈពេល៤ឆ្នាំ (២០២១- ២០២៤)។
ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយមានអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការស្វីសខន់ថាក់ជាមួយក្រសួង ទេសចរណ៍ ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ជាសេនាធិការដ៏សំខាន់។
ពិធីចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនេះដែរ គឺបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Rajiv Pradhan នាយកប្រចាំប្រទេសរបស់អង្គការស្វីសខន់ថាក់។
ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន/យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូលស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយឡើង វិញនូវវិស័យទេសចរណ៍អំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដោយបង្កើតបានមូលធនមនុស្សសម្រាប់និរន្តរភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។
ឯកឧត្ដម ប៉ាក់ សុខុម បានបន្តថា រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២១-២០២៤ គម្រោងនឹងផ្ដល់ការបណ្ដុះបណ្ដាលគ្រូបង្គោលក្នុងវិស័យទេសចរណ៍ឱ្យបាន១៥០នាក់ និងអ្នកបម្រើការដែលមានជំនាញតិចតួចឱ្យបានដល់៧៨០នាក់នៅទូទាំងខេត្ត ទាំង៥ខាងលើនេះ។
ឯកឧត្ដម ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបញ្ជាក់បន្ថែមថា និន្នាការនៃការដើរទស្សនារបស់ភ្ញៀវទេសចរគឺមានច្រើន ទៅកាន់គោលដៅខេត្តជុំវិញបឹងទន្លេសាប ពិសេសខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ជាដើម ដូច្នេះចាំបាច់ណាស់ត្រូវការបង្កើនអ្នក បម្រើការក្នុងវិស័យទេសចរណ៍ ដែលមានជំនាញល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរដែលកំពុងមានការកើនឡើងដែរនោះ។
គម្រោងបណ្ដុះបណ្ដាលរបស់អង្គការស្វីសខន់ថាក់ (Swisscontact) ក៏មិនសូវអនុវត្តនៅតាមខេត្តទាំងនោះដែរ ភាគច្រើនមានតែនៅតំបន់ភាគឦសាន ដូច្នេះអង្គការស្វីសខន់ថាក់គឺចង់បន្ថែមការបណ្ដុះ បណ្ដាលនៅបណ្ដាខេត្តជុំវិញបឹងទន្លេសាប និងតំបន់ភាគពាយព្យថែមទៀត។
គួរជម្រាបថា ក្នុងពិធីខាងលើក៏មានបញ្ជូលកម្មវិធីចុះហត្ថ លេខាត្រីភាគីលើកិច្ចព្រមព្រៀងអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) រវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង៥ ដោយបានយក ចិត្តទុកដាក់រៀបចំនូវផែនការសកម្មភាព និងថិវការយៈពេល ៣ឆ្នាំ (២០២១-២០២៤) ដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចលើជំនាញអាទិភាពរបស់ខេត្ត រួមមាន ជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ ជំនាញឆុងកាហ្វេ និងមគ្គុទ្ទេសសហគមន៍ផងដែរ។
ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន១,១២៣នាក់ (ស្រី៧៤៥នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង និងបានពង្រីកទំនាក់ទំនងជាមួយដៃគូរចម្បងៗ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ UNIDO ជាដើម៕






