លោកជំទាវ Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅរសៀលថ្ងៃពុធ ទី ១៧ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោកជំទាវឯកអគ្គរាជទូត និងបានបញ្ជាក់សាជាថ្មី ពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរាជទូត និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអាស៊ាន ដើម្បីជួយគាំទ្រដល់កិច្ចការរបស់អាស៊ាន ឆ្ពោះទៅសំរេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះប្រទេសថៃ សម្រាប់ការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ជាពិសេសក្នុងនាមជាប្រទេសសម្រប សម្រួលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានទទួលស្គាល់ពីតួនាទីរបស់ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលឧត្តមភាពអាស៊ានមួយចំនួន។ ឯកឧត្តមសង្ឃឹមថា មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) នឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) នៅក្នុងការងាររបស់អាស៊ាន និងបានថ្លែងអំណរគុណប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសថៃ សម្រាប់ការបន្តគាំទ្រដល់ការពង្រឹងលេខាធិការដ្ឋានអាស៊ាន។ លោកជំទាវ Phantipha Iamsudha Ekarohit គឺជាតំណាងអចិន្ត្រៃយ៍ទី ៧ របស់ប្រទេសថៃប្រចាំអាស៊ាន ចាប់តាំងពី CPR ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩។