ឧបទ្វីបកូរ៉េ ៖ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា គោលបំណងរបស់ខ្លួនក្នុងការលុបបំបាត់នុយក្លេអ៊ែរ ដែលបានបង្ហាញ នៅក្នុងជំនួបកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្រ មិនមែនជាលទ្ធផលនៃការដាក់ទណ្ឌកម្ម និងសម្ពាធ ដែលដឹកនាំដោយអាមេរិក នោះទេ និងបានព្រមានដល់សហរដ្ឋអាមេរិកកុំឱ្យបំភាន់មតិសាធារណៈ។
កិច្ចប្រជុំកំពូលអន្តរ ដែលមានវត្តមាន កូរ៉េជើង ជាប្រវត្តិសាស្រ្តមួយ បានធ្វើឡើងនាចុង ខែមេសា កន្លងទៅនេះ បានលើក ឡើងពីក្តីសង្ឃឹមនៃការផ្សះផ្សាជាតិក៏ដោយ ប្រទេសកូរ៉េខាងជើង បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ ប្រមុខអ្នកចរចាររបស់ កូរ៉េខាងជើង លោក រី ស៊ុនហ្គូន បានបញ្ជាក់ថា នឹងមិនធ្វើការចរចាជាមួយកូរ៉េខាងត្បូងទេ លុះត្រា តែការទាមទាររបស់ពួកគេត្រូវបានបំពេញ លើបញ្ហាការធ្វើសមយុទ្ធរវាងអាមេរិក – កូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ថា ម៉េក សាន់ដឺ ។ បន្ទាប់មក កូរ៉េខាងជើង បានគំរាមថានឹងដកខ្លួនចេញពីកិច្ចប្រជុំកំពូលនៅពីថ្ងៃទី 12 ខែមិថុនា ខាងមុខនេះ ជាមួយសហរដ្ឋអាមេរិក។
ប្រទេសកូរ៉េខាងជើង ត្រូវបានរងការវាយប្រហារដោយទណ្ឌកម្ម ជាបន្តបន្ទាប់ ពីអាមេរិក និងអង្គការសហប្រជាជាតិ នៅក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់កម្មវិធីក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ិន បានប្តេជ្ញាលុបបំបាត់នុយក្លេអ៊ែរយ៉ាងពេញលេញ នៅ ឧបទ្វីបកូរ៉េ ។
ក្នុងជំនួបកំពូលលើកដំបូងនៅឧបទ្វីបកូរ៉េ នាថ្ងៃទី27 ខែមេសា កន្លងទៅនេះ ប្រទេសទាំងពីរមិនទាន់បានការប្រកាសនូវ ជំហានជាក់ស្តែងណាមួយដែលឈានទៅដល់គោលដៅនោះទេ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងជួបលោកគីម នៅខែមិថុនា ក្នុងប្រទេសសឹង្ហបុរី បាននិយាយថា លោកនឹងពិនិត្យលើទណ្ឌកម្ម និងសម្ពាធលើកូរ៉េខាងជើង ហើយសន្យថានឹងមិនធ្វើកំហុសម្តងទៀតដូចរដ្ឋបាលមុនៗ នោះទេ ។










