ព័ត៌មានថ្មី
- អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ផ្សព្វផ្សាយសារសម្តេចតេជោ ថ្ងៃទិវាសន្តិភាពអន្តរជាតិដល់កងមួកខៀវកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ផ្សព្វផ្សាយសារលិខិត ដែលមានខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទិវាសន្តិភាពអន្តរជាតិ ជូនដល់កងកម្លាំងមួកខៀវកម្ពុជាកំពង់បំពេញបេសកកម្មសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល។ «សម្តេចតេជោ ហ៊ុន សែន គូសរំលេចថា មនុស្សគ្រប់រូបត្រូវការសន្តិភាព លើកលែងតែភេរវករប៉ុណ្ណោះចង់បំផ្លាញសន្តិភាព» «ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែ កញ្ញា» ជាទិវាប្រវត្តិសាស្ត្រដ៏វិសេសវិសាល ដែលមហាសន្និបាទអង្គការសហប្រជាជាតិលើកទី៥៥ និងប្រទេសសមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ធ ដោយកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពប្រចាំឆ្នាំដើម្បីឧទ្ទិសដល់ការបញ្ឈប់រាល់អារិភាព និងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងពិភពលោក។ ទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា»។
- ឯ.ឧ ហ៊ុន ម៉ានី ចុះត្រួតពិនិត្យិត្យ និងសិក្សាបទពិសោធន៍អំពីដំណើរការឡើងវិញក្នុងដំណាក់កាលទី២ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យដំណើរការឡើងវិញក្នុងដំណាក់កាលទី២ នៅវិទ្យាល័យបាក់ទូក ដើម្បីពិនិត្យ និងវាយតម្លៃស្ថានភាពនៃការអនុវត្តក្នុងសាលា ដើម្បីធានាបានថា ការបើកដំណើរការសាលារៀនឡើងវិញ នេះពិតជាប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ស្របតាមស្តង់ដាសុវត្ថិភាព SOP របស់ក្រសួងសុខាភិបាល អាចបញ្ចៀសនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយន្តការអនាម័យតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលការចូលរួមនេះជួយសម្រេចបាននូវសមិទ្ធិផលយ៉ាងល្អប្រសើរ។ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ទោះបីកន្លងមកកម្ពុជា មានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែយើងមិនអាចបើកសាលារៀនទាំងប្រថុយប្រថានបានឡើយ ដោយសុខភាព និងអាយុជីវិតរបស់សិស្សានុសិស្ស ជាកត្តាដ៏ចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី២ ប្រកបដោយប្រសិទ្ធភាពភាព សុវត្ថិភាព ដោយបានណែនាំដល់មន្ទីរអប់រំ រាជធានីខេត្ត ការិយាល័យអប់រំ រដ្ឋបាលក្រុង […]
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឹក្សាធុរកិច្ចអាមេរិក កុំឲ្យបារម្ភចំពោះការវិនិយោគនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅធុរកិច្ចអាមេរិក កុំឲ្យបារម្ភចំពោះការវិនិយោគនៅកម្ពុជា ទោះបីមានវិបត្តិកូវីដ-១៩ គ្រាដែលរាជ រដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការងារកំណែទម្រង់ និងកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនធុរជនអាមេរិកថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។ នៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាល កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និង ប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក បង្គុំ កសិ-ឧស្សា ហកម្ម គ្រឿង បន្លាស់ ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត។ កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ។ សម្តេចតេជោ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងរកទីតាំងផលិតកម្មថ្មី […]
- មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បន្ទាយមានជ័យ៖ វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កង ពលតូចថ្មើរជើងលេខ៥១ រួមទាំងថ្នាក់ដឹកនាំកងពល បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នៅ វរសេនាតូចថ្មើរជើងលេខ៥១១ លេខ៥១៣ និងលេខ៥១៤ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ នៅក្នុងដំណើរអញ្ញើញចុះត្រួតពិនិត្យកម្លាំង ត្រៀមអន្តរា គមន៍ជួយសង្រ្គោះនេះ មានការត្រួតពិត្យ រួមមាន សម្ភារ មធ្យោបាយ និងអាវុធគ្រាប់ ដែលនេះគឺជាផែនការដែរថ្នាក់លើបានដាក់ចុះ នៅទីបញ្ជាការកងពល និងបានដាក់បទបញ្ជាស្វ័យត្រួតពិនិត្យគ្រប់បណ្តាកងឯកភាពចំណុះ។ មេបញ្ជាការកងពល បានបញ្ជាក់ឱ្យដឹងថា ស្ថិតនៅក្នុងស្ថានភាពខ្យល់ព្យុះភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀង កងកម្លាំងមានភារកិច្ចប្រចាំការត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីចល័តអន្តរាគមន៍ សហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូដ្ឋាន ក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជួយសង្រ្គោះក្នុងគ្រោះមហន្តរាយ និងដោះស្រាយយថាហេតុផ្សេងៗ ពិសេសត្រូវត្រៀមរៀបចំផែនការ ការងារធានានិងសម្ភារ ដែលជាតម្រូវការជួយសង្រ្គោះក្នុងស្ថានភាពទឹកជំនន់រួមមាន ការ៉ុងច្រកដីទប់ទឹក ចប ប៉ែល កាំបិត ពូថៅ អាវពោង ខ្សែ កាដុងទឹក រថយន្តចល័ត និងទូក៕
- សម្តេចប្រធានរដ្ឋសភា: សន្តិភាពជាកត្តាសំខាន់បំផុត និងមិនអាចខ្វះបាន ថ្ងៃទី២១ កញ្ញា ជាទិវាសន្តិភាពអន្តរជាតិ ដែលមហាសន្និ បាតអង្គការសហប្រជាជាតិលើកទី៥៥ បានអនុម័តជា ឯកច្ឆន្ទកំណត់យកថ្ងៃនេះ ជាទិវាសន្តិភាពប្រចំាឆ្នាំ ដើម្បីលើកកម្ពស់ ពង្រឹងឧត្តមគតិសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅលើសកលលោក។ កម្ពុជាមិនខុសប្រទេសនានានៅលើសកលលោក ត្រូវការសុខសន្តិភាព។ កម្ពុជាដែលបានឆ្លងកាត់ភ្លើង សង្រ្គាមជាច្រើនទសវត្សរ៍ បានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនា ការបែកបាក់ សេចក្តីវិនាសខ្លោចផ្សារបំផុត ដែលបណ្តាលមកពីសង្រ្គាម។ ចាប់តាំងយើងបានកសាងសន្តិភាពពេញលេញក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ យើងទទួលបាននូវ ការអភិវឌ្ឍ រីកចម្រើន ស្ទើរគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ មានជីវភាពធូរធា និងធ្វើដំណើរបានគ្រប់ទីកន្លែងនៅទូទំាងប្រទេស។ ដោយសារសុខសន្តិភាពនេះ កម្ពុជាបានកំពុងបោះជំហានយ៉ាងរឹងមាំ និងមានការអភិវឌ្ឍឈានឡើងជាលំដាប់ ឈានទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពីយើងបានសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។ ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិបន្តថែរក្សាសុខសន្តិ ភាពដែលយើងមានសព្វថ្ងៃនេះ ដើម្បីទទួលបានការអភិវឌ្ឍ បន្តទៀត។ សុខសន្តិភាពនៅក្នុងតំបន់និងសកល លោក ជាកត្តាចម្បងចាំបាច់ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេស។ តំបន់ឬប្រទេសមួយមានសន្តិភាព គឺជាកន្លែងមួយ ដែលមានការអភិវឌ្ឍយ៉ាងពិតប្រាកដ។ សន្តិភាព និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា៕
- ជំនន់ទឹកភ្លៀងលិចផ្ទះជិត ២ពាន់ខ្នង ស្លាប់ ៣នាក់ លិចផលដំណាំជាង ៣០០ហិកតា ឥទ្ធិពលព្យុះនូល គិតត្រឹមយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្កឲ្យខេត្តចំនួន ៥របស់កម្ពុជា បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងនោះបណ្តាលឲ្យប្រជាពលរដ្ឋ ៣នាក់ស្លាប់ បាត់ខ្លួនចំនួន ១នាក់ លិចផ្ទះចំនួន ១៨២៥ខ្នង ជម្លៀសប្រជាពលរដ្ឋ៤៤៧នាក់ លិលិចស្រូវប្រមាណ ២១០ហិកតា ដំឡូងមី៥៨ហិកតា ដំណាំរួមផ្សំ ៤៤ហិកតា។ បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ខេត្តទាំង ៥ ដែលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រួមមាន ខេត្តកោះកុង លិចផ្លូវ៣ភូមិ ក្នុងឃុំតាទៃ ស្រុកថ្មបាំង និងលិចទូក នៅបុទុមសាគរ ស្លាប់ម្នាក់។ ខេត្តឧត្តរមានជ័យ ប៉ះពាល់ស្រុក/ក្រុងចំនួន៤ និង១៥ឃុំ/សង្កាត់ លិចផ្ទះ៩៣ខ្នង លិចស្រូវ២១០ហិកតា។ ខេត្តប៉ៃលិន ប៉ះពាល់៣១គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ បាត់ខ្លួន១នាក់។ ខេត្តព្រះសីហនុ ប៉ះពាល់ស្រុកព្រៃនប់ និងក្រុងព្រះសីហនុ លិចផ្ទះ១៧០១ខ្នង ស្លាប់២នាក់ និងជម្លៀសពលរដ្ឋ៤៧៥នាក់ និងខេត្តពោធិ៍សាត់ ប៉ះពាល់៤ឃុំ ក្នុងស្រុកវាលវែង៕ សំអាង
- សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក–អាស៊ានតាមប្រព័ន្ធវីដេអូ។ ចំណុចសំខាន់ៗក្នុងជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក–អាស៊ាន តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ មានដូចខាងក្រោម ៖
- ស្នងការនគរបាលខេត្តស្វាយរៀង កំពុងស្រាវជ្រាវចាប់ខ្លួនអ្នកដែលបង្កហិង្សាក្នុងគ្រួសារបណ្តាលស្ត្រីម្នាក់រងគ្រោះ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើ អន្តរាគមន៍បន្ទាន់ចុះដល់កន្លែងកើតហេតុនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទីយប់។ លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ដែលពេលនេះ កម្លាំងប៉ុស្តិ៍នគរបាលច្រកម្ទេសកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។ ស្វាយរៀង៖ ថ្ងៃទី២០ កញ្ញា ២០២០ មានការភ្ញាក់ផ្អើលលើបណ្ដាញទំនាក់ទំនងសង្គម ដោយឪពុកបានប្រើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅខេត្ត ស្វាយរៀង ។ សូមជម្រាបថាកាលពីសប្តាហ៍មុនមាន ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុតាងជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះសម ជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»៕
- ១៥ថ្ងៃក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៧៤នាក់ របួសធ្ងន់ស្រាល ២៧៤នាក់ រយៈពេល ១៥ថ្ងៃក្នុងអំឡុងពិធីកាន់បិណ្ឌ រហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងកម្ពុជាបានកើតមានឡើងចំនួន ១៦៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៧៤នាក់ និងរងរបួសធន់ ស្រាល ២៧៤នាក់។ នេះបើយោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយឡែក ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំធំ គឺពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២០ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣៩លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងអ្នករងរបួសចំនួន៧៨នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩ ទាំងអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានការថយចុះក្នុងនោះ មានការថយចុះចំនួន ១៣លើកស្មើ ២៥ភាគរយ ចំនួនអ្នកស្លាប់ថយចុះ ១០នាក់ស្មើ ៣៨ភាគរយ និងអ្នករងរបួសថយចុះចំនួន ២នាក់ស្មើ ៣ភាគរយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ស្ថានភាពចរាចរណ៍នៅឆ្នាំនេះល្អជាងរាល់ឆ្នាំ។ ជាមួយគ្នានេះ សមត្ថកិច្ចទទួលបានជោគជ័យក្នុងការធានាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៦ថ្ងៃកន្លងមកនេះ។ ឯកឧត្តមបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង គឺបណ្តាលមកពីល្បឿន […]
- ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីអគ្គិភ័យកើតឡើងចំនួន ៨ករណី តែគ្មានគ្រោះថ្នាក់ដល់មនុស្សទេ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ (១៦ -១៨ កញ្ញា) មានហេតុការណ៍អគ្គិភ័យកើតឡើងចំនួន ៨លើក បង្កការឆាបឆេះខូចខាតទ្រព្យសម្បតិ្តមួយចំនួនធំ ប៉ុន្តែមិនបានបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬស្លាប់នោះទេ។ យោងតាមរបាយការណ៍របស់ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា នេះថា ក្នុងគ្រោះអគ្គិភ័យទាំងនោះ រួមមាន ៖ ខេត្តព្រៃវែង កើតឡើង ១លើក, ខេត្តកណ្តាល ១លើក, ខេត្តសៀមរាប ១លើក, ខេត្តកំពង់ចាម ១លើក, ខេត្តត្បូងឃ្មុំ ១លើក, ខេត្តព្រះវិហារ ២លើក និងខេត្តតាកែវ ១លើក។ តាមរបាយការណ៍ដដែលបង្ហាញថា ការឆាបឆេះទាំងនោះ គឺបង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី និងការប្រើប្រាស់ភ្លើង។ ការឆាប ឆេះទាំងនោះ បានបំផ្លិចបំផ្លាញ លំនៅឋានប្រជាពលរដ្ឋចំនួន ៥ខ្នង , កុដិលោក ១ខ្នង, សាលាឆាន់ ១ខ្នង, យានដ្ឋាន ១កន្លែង។ ដោយឡែកការឆាបឆេះមួយដែលបានកើតឡើងនៅក្នុងផ្សារសំរោងយ៉ោង ខេត្តតាកែវ នៅក្នុងថ្ងៃទី១៧កញ្ញា […]
- អត្រាប្ដូរប្រាក់នៅថ្ងៃនេះ ១ដុល្លារអាមេរិកស្មើនឹង ៤ ០៨៨,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេស នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៨៨,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៦៧,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣១៣,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៩៧,០០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១១៣,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥០៩,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦០៤,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០២៥,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩៣០,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៥៣,៥០រៀល ; ១បាតថៃ ស្មើ ១៣២,៥០រៀល […]
- ស្ថានទូតជប៉ុន ពន្យារពេលនៃការប្រកាសលទ្ធផលសម្ភាស ន៍សម្រាប់ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ កាលបរិច្ឆេទនៃការប្រកាសលទ្ធផលសម្ភាសន៍ សម្រាប់ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះ បណ្តាលវិជ្ជាជីវៈនៃអាហារូបករណ៍MEXT ឆ្នាំសិក្សា ២០២១ ត្រូវបានពន្យារទៅថ្ងៃ២៥ ខែកញ្ញា។ ការប្រជុំអនឡាញសម្រាប់បេក្ខជនជាប់តង់សម្ភាសន៍ នឹងត្រូវធ្វើ ឡើងនៅថ្ងៃទី៣០ ខែកញ្ញា។ សូមអធ្យាស្រ័យសម្រាប់ការពន្យារ ពេល។
- ថ្ងៃនេះ នៅកម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីទេ ហើយអ្នកជំងឺម្នាក់ក៏មិនទាន់ជាសះស្បើយដែរ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានម្នាក់ដដែល។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕
- ក្រសួងធនធានទឹក: ទឹកនៅអាងទឹកតាម៉ុក ចុះវិញបន្តិចហើយ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦:០០នាទីល្ងាច នៅថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៦ម៉ែត្រ ស្រកចុះ ០,១៤ម៉ែត្រ ។ កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថា ហេតុ ៕
- លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣៧ខ្នងផ្ទះ ស្រុកសាលាក្រៅរងនូវការជន់លិច ដោយសារជំងឺទឹកភ្លៀង ជំនន់ទឹកភ្លៀងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដោយសារទឹកកំពុងតែហូរស្រុងចុះទៅខាងក្រោម នៃតំបន់ផ្ទៃរងទឹកភ្លៀងរបស់អូរដូនតា កត្តានេះបានបង្កឲ្យទឹកកំពុងជន់លិច ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នងផ្ទះ ខ្នងប្រឡាយប្រវែងជាង ២០០ម៉ែត្រ ផ្លូវលំប្រវែងជាង ៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសន្ទះ និងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


