ព័ត៌មានថ្មី
- ជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នខណៈអ្នកឆ្លងកូវីដនៅតែបន្តរាលដាល តូក្យូ៖សារព័ត៌មាន CNNបានចេញផ្សាយ នៅយប់ថ្ងៃព្រហស្បតិ៍ទី១៦ខែមេសាឆ្នាំ២០២០ឲ្យដឹងថានាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេបានសម្រេចប្រកាសដាក់ប្រទេសជប៉ុនទាំង មូលក្នុងគ្រាមានអាសន្ន ខណៈស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែបន្តឥតឈប់។ សូមរំលឹកថា កាលពីថ្ងៃទី០៧ មេសា លោក ស៊ីនហ្សូ អាបេ បានប្រកាសដាក់ទីក្រុងនិងខេត្តសរុបចំនួន៧ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ ទៅក្នុងគ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែ គឺដល់ថ្ងៃទី០៦ ខែឧសភា។ ប៉ុន្តែ, ក្នុងកិច្ចប្រជុំពិសេសមួយនៅថ្ងៃនេះ ជាមួយក្រុមអ្នកជំនាញផ្នែកសុខាភិបាលលោក អាបេ បានលើកឡើងថា ប្រទេសជប៉ុនទាំងមូល នឹងត្រូវដាក់ទៅក្នុងគ្រាអាសន្ន គឺពង្រីកបន្ថែមពីលើ៧ទីក្រុងនិងខេត្តដែលត្រូវបានដាក់ក្នុងគ្រាអាសន្ននាពេលកន្លងមក សម្រាប់រយៈពេលនៅដដែល គឺដល់ថ្ងៃទី០៦ ខែឧសភា។ សូមបញ្ជាក់ថាបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាមានការឆ្លងជាង ៩.០០០នាក់និងជិត២០០នាក់បានស្លាប់នៅទូទាំងប្រទេសជប៉ុនគិតត្រឹមល្ងាចថ្ងៃ១៦មេសា៕
- ថ្ងៃនេះ កាលពី៤៥ឆ្នាំមុន កម្ពុជាធ្លាក់ក្នុងវាលពិឃាតនៃរបបខ្មែរក្រហម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ពីលើហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃសុក្រ នេះ ថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាចនៃរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប «ប្រល័យពូជសាសន៍ប៉ុលពត» ឬហៅថា «របបខ្មែរក្រហម»។ សម្ដេចតេជោ ហ៊ុន សែន បន្តថា «ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឲ្យចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ និងបានបង្ខំឲ្យធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងមិនបានជួបជុំក្រុមគ្រួសារឡើយ» ។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា« សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាននៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឲ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌មួយកំប៉្លេគត់។ ក្រៅពីបង្ខំឲ្យធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះ បានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។ ក្រោមការគ្រប់គ្រង […]
- អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស២០នាក់ និងរបួស១០២នាក់ អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៥៥លើក បណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និងរបួស ១០២នាក់។ តាមរបាយការណ៍របស់ប៉ូលិសចរាចរណ៍ បានឲ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំនេះ បានកើតឡើងច្រើនជាងគេដោយសារល្បឿន បើកបរមិនគោរពសិទ្ធិ ប្រជែងគ្នា និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។ សូមរម្លឹកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍ភូមិស្រុកក្នុងអំឡុងពេលចូលឆ្នាំនៅអំឡុងពេលចូលឆ្នាំ នៅឆ្នាំនេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំ ហើយតម្រូវឲ្យមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតទាំងអស់ បន្តធ្វើការងារជាធម្មតា។ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បានសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ចាប់តាំងពីយប់ថ្ងៃទី៩ ខែមេសា ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ទើបបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ៕
- ព្រឹទ្ធសភា កំពុងប្រជុំវិសាមញ្ញដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួនដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងមានការចូលរួមដោយសមាជិកព្រឹទ្ធសភា ៥៤រូប។ គួរជម្រាបដែរថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ លទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភា នឹងមានផ្សាយជូននៅពេលបន្តិចទៀតនេះ ៕
- ស្លាប់៣នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែមេសាម្សិលមិញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១២នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ៕
- អាជ្ញាធរត្រៀមសាលារៀនជិត៤០ ដើម្បីដាក់កម្មករ-កម្មការិនី ជាង១៥ម៉ឺននាក់ ដែលត្រឡប់មកពីស្រុកកំណើត កម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ មកពី៦៧២រោងចក្រ នឹងវិលត្រឡប់មកពីស្រុកកំណើត ចូលមកក្នុងរាជធានីភ្នំពេញវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់។ ចំណែកអាជ្ញាធររាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន ៣៧សាលារៀន ដើម្បីទទួលធ្វើចត្តាឡីស័កទៅលើកម្មករទាំងនោះ គោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មករ កម្មការនី នេះ រួមមាន៖ ១. ខណ្ឌពោធិ៍សែនជ័យ ប្រមាណជា ៧ ២៥៨នាក់ ២. ខណ្ឌដង្កោ ប្រមាណជា ២៣៤១នាក់ ៣. ខណ្ឌកំបូល ប្រមាណជា ១២៥១នាក់ ៤. ខណ្ឌមានជ័យ ប្រមាណជា២១១៦នាក់ ៥. ខណ្ឌសែនសុខ ប្រមាណជា ១០៦៨នាក់ ៦. ខណ្ឌព្រែកព្នៅ ប្រមាណជា ៧៦នាក់ ៧. ខណ្ឌច្បារអំពៅ ប្រមាណជា ៨៧នាក់ […]
- ព្រឹកនេះ អង្គភាពអ្នកនាំពាក្យ រៀបចំសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងធម្មការ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅ វេលាម៉ោង ៩÷៣០នាទី ព្រឹកថ្ងៃទី១៧ ខែមេសា នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងធម្មការ និងសាសនា។ សន្និសីទនេះ រៀបចំនៅសាលប្រជុំ B ជាន់ផ្ទាល់ដី នៃទីស្ដីការគណៈរដ្ឋមន្ត្រី។ សន្និសីទសារព័ត៌មានដែលចូលរួមសម្របសម្រួលដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងគូសបញ្ជាក់ជុំវិញសមិទ្ធផលនានា និងទិសដៅការងារបន្តបន្ទាប់របស់ក្រសួងធម្មការ និងសាសនា ក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕
- សម្តេចតេជោ បន្តផ្ញើសារឲ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់ការរក្សាអនាម័យទោះបីទៅដល់ទីណាក៏ដោយ សម្តេចតេជោ នៅវេលារសៀលថ្ងៃទី១៦ ខែមេសា នេះ សម្តេច បានបន្តផ្ញើសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដោយមានភ្ជាប់នូវរូបគំនូរមួយសន្លឹក បង្ហាញពីបុរសម្នាក់ពាក់ ម៉ាស់នៅក្នុងរថយន្ត ។ បញ្ជាក់បន្ថែមលើរូបភាពនេះ សម្តេចតេជោ បានសរសេរស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យ សុខភាព ឲ្យបានជាប្រចាំ បើទោះបីជាធ្វើដំណើរទៅទីជិត ឬឆ្ងាយក៏ដោយ។ គួរកត់សម្គាល់ថា ចាប់តាំងពីផ្ទុះឡើងនៃមេរោគកូវីដ១៩ នៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់គ្រប់លទ្ធភាព និងវិធានការចាំបាច់នានា ធ្វើយ៉ាងណាដើម្បីកុំឲ្យមេរោគ កូវីដ១៩ អាចរីករាលដាលបំផ្លាញដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ និងបំផ្លាញសេដ្ឋកិច្ចជាតិ។ មកដល់ពេលនេះ បើទោះបីជា ករណីកូវីដ១៩ នៅកម្ពុជា ស្ថិតក្នុងស្ថានភាពនៅទ្រឹងបន្តិចក្តី ក៏គេសង្កេតឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដាន និងចាត់វិធានការជាបន្តបន្ទាប់តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ កូវីដ១៩ ដើម្បីសុខុមាលភាពក្នុងសង្គមជាតិទាំងមូល៕
- អគ្គលេខា UN ៖ ទាល់តែមាន វ៉ាក់សាំងទើបអាចនាំភាពប្រក្រតីមកឲ្យពិភពលោកវិញបាន (ហ្សឺណែវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោកAntonio Guterres បាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញថា វ៉ាក់សាំងកូវីដ១៩ ជាដំណោះស្រាយតែមួយគត់ ដែលអាចផ្តល់នូវ ភាពប្រក្រតី ឡើងវិញជាថ្មីម្តងទៀតដល់ពិភពលោកទាំងមូល។ លោកAntonio Guterres បាននិយាយនៅក្នុងសន្និសីទវីដេអូជាមួយបណ្តាប្រទេសអាហ្វ្រិក ចំនួន ៥០ លោកបានកត់សម្គាល់ថា៖វ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព គឺជាឧបករណ៍តែមួយគត់ ដែលអាចធ្វើឱ្យពិភពលោកវិលមករកភាពធម្មតាវិញ និងអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់និងលុយរាប់ពាន់លានដុល្លាររបស់ប្រទេសជាច្រើន។ លោកបន្តថា៖ យើងត្រូវការកិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតា ដើម្បីធានាថាភាគីពាក់ព័ន្ធអន្តរជាតិសហការគ្នាជាធ្លុងមួយប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនល្បឿននិងទំហំ ដែលត្រូវការសម្រាប់ការចាក់វ៉ាក់សាំងជាសកលនៅចុងឆ្នាំ២០២០នេះ៕
- វិស័យអាកាសចរណ៍នៅកម្ពុជា ធ្លាក់ចុះជាង៩០ភាគរយនៅដើមខែមេសា ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ មេសា ឯ.ឧ ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គ នាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថានៅក្នុងខេត្តមករា ឆ្នាំ២០២០នេះ ការធ្វើ ដំណើរតាមយន្តហោះមានធ្លាក់ចុះ២០ភាគរយ ខណៈខែកុម្ភៈ បានធា្លក់ជាង៥០ភាគរយ។ រីឯក្នុងខែមីនាវិញ គឺបានធ្លាក់ចុះជាង៧០ភាគរយ រីឯដើមខែមេសានេះ គឺបានធ្លាក់ចុះដល់ទៅជាង៩០ភាគរយឯណោះ។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអះអាងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើប៉ះពាល់វិស័យហោះហើរនៅកម្ពុជាយ៉ាងខ្លាំង។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបាន សម្រេចមិនពន្ធលើក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ក្រុមហ៊ុនក្នុងរយៈពេល៣ខែ ដើម្បីជួយកាត់បន្ថយបន្ទុកដល់ក្រុមហ៊ុនទាំងអស់នេះ។
- ព្រលានយន្តហោះភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល បាននឹងកំពុងដំណើរការសាងសង់បាន៣០% ហើយ តាមការគ្រោងទុុក ក្នុងដំណាក់កាលទី១នឹងបញ្ចប់មុនឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យរដ្ឋលេ ខាធិការដ្ឋានអាកាសចរស៊ីវិល ស៊ីន ចាន់សិរីវត្ថា អគ្គនាយក រង អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវីល ក្នុងសន្និសីទសារពត៌មានស្តីពីវឌ្ឍនៈភាពទិសដៅការងារបន្តរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រឹកថ្ងៃទី១៦មេសា២០២០នៅទីស្ដីកាគណៈរដ្ឋមន្រ្តី ។ ព្រលានយន្ត ហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះ ហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះធុន យក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕
- មានវីដេអូរ៖ សប្បុរសជនបន្តការចូលរួមបរិច្ចាគសម្ភារៈដល់រដ្ឋបាលខេត្ត ខេត្តកំពង់ស្ពឺ÷ក្រុមហ៊ុន cj cambodia co ltd បានផ្ដល់ទឹកអេតាណុលចំណុះ៥០០០ លីត្រ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19 នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ។ ក្នុងពិធីប្រគល់ទទួលនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន cj cambodia co., ltd ដែលបានផ្ដល់ទឹកអេតាណុលចំណុះ ៥០០០ លីត្រ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង Covid-19។ ជាមួយគ្នានេះផងដែរឯកឧត្តម បានអំពាវនាវដល់សប្បុរសជនដទៃទៀត សូមបន្តចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភគាំទ្រ ជា សម្ភារៈថវិកា ដល់គណៈកម្មាធិការប្រយុទ្ធជំងឺ Covid-19 ខេត្ត ដើម្បីមានលទ្ធភាពជួយដល់ប្រជាជនក្នុងកិច្ចបង្ការ និងប្រយុទ្ធប្រឆាំងនិងវីរុសCovid-19នេះផងដែរ៕
- ក្រសួងកសិកម្ម ប្រកាសថា កម្ពុជានឹងរក្សាបាននិរន្តរភាពស្បៀងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១៥ ខែមេសា នេះថា កម្ពុជានឹងរក្សាបាននិរន្តរភាពស្បៀងគ្រប់គ្រាន់ដូចជា បន្លែ ត្រី សាច់ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលជាយន្តការមួយត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពថ្លៃលើទីផ្សារ។ លោក ស្រី វុឌ្ឍី បន្ថែមថា ក្រសួងបានត្រៀមស្តុកសាច់ជ្រូកប្រមាណ ១៣០តោនក្នុងមួយថ្ងៃសម្រាប់រយៈពេល៣ខែនៃការរីករាលដាលជំងឺកូវីដ១៩ ខណៈលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់សត្វក្នុងស្រុកសរុបប្រចាំឆ្នាំមានជាង ២៣៩ពាន់តោន ។ ជាមួយនេះ រាជរដ្ឋាភិបាលនឹងពិភាក្សាការទិញសាច់ជ្រូកស្តុកទុកនេះជាមួយក្រុមហ៊ុននាំចូលសាច់ឲ្យជួយទិញស្តុក ដោយមានការផ្តល់សម្បទានផ្សេងៗដល់ក្រុមហ៊ុន។ សូមជម្រាបថា ក្រសួងកសិកម្ម នឹងផ្តល់ពូជសត្វ ពិសេសពូជមាន់ដែលមានរយៈពេលខ្លីក្នុងការទទួលផលព្រមទាំងផ្តល់ចំណីសត្វដល់អ្នកចិញ្ចឹម ដើម្បីពង្រីកផលិតកម្មសត្វ នៅតមាមូលដ្ឋាន ដើម្បីឆ្លើយតបការផ្គត់ផ្គង់តម្រូវបន្ទាន់នៅក្នុងស្រុក៕
- (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ អំពាវនាវបងប្អូនប្រជាពលរដ្ឋបើកបរ មានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន។ ក្នុងហ្វេសប៊ុកផេករបស់សម្តេចៗ បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋបើកបរ មានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលដ្ឋនិងកូនក្មួយកម្មករកម្មការនីយកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំអោយឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុលឬជិលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួលតែមួយ។ ចុងក្រោយសម្ដេចបានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
- បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួង មហាផ្ទៃ បានបន្តប្រកាសផ្អាកការសិក្សារបស់និស្សិត សិក្ខាកាមនិងសិស្សនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលជាតិ និងសាលានគរបាលភូមិភាគទាំង៦ មួយរយៈបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។ ចំពោះកាលបរិច្ឆេទនៃការចូលរៀនបណ្ឌិតសភានគរបាលនិងជូនដំណឹងដល់សិក្ខាកាមនៅពេលក្រោយ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


