ព័ត៌មានថ្មី
- ក្រសួងសុខាភិបាលរកឃើញវិជ្ជមានវីរុសកូវីដ១៩លើជនជាតិវៀតណាមម្នាក់ ដែលមានមិត្តប្រុសជាជនជាតិចិន នៅក្រុងបាវិត។ ថ្ងៃនេះក្រុមគ្រូពេទ្យជំនាញក៏បានព្យាបាល ជនជាតិខ្មែរពីរនាក់ឱ្យជាសះស្បើយផងដែរ។ សរុបមកដល់ពេលនេះចំនួនអ្នកជាសះស្បើយបានកើនដល់ ៥៨នាក់។
- នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោថ្ងៃនេះ សម្ដេចបានសរសេរថា៖កម្ពុជាទូទាំងប្រទេសបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីឌ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។ ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីឌ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ជែលសម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។ កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ នៅពេលនេះ។ អរគុណមន្រ្តីនៃរាជរដ្ឋាភិបាល សមាជិកសភា និងសមាជិកព្រឹទ្ឋសភា ដែលបានលះបង់ប្រាក់បៀវត្សរ៍ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩។ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់។ ទាំងនេះបានបង្ហាញកាន់តែច្បាស់បន្ថែមទៀតពីការយកចិត្តទុកដាក់របស់សម្ដេចចំពោះប្រជាពលរដ្ឋគ្រប់ពេលគ្មានជិនណាយឡើយក្នុងបេះដូងរបស់សម្ដេច៕
- សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូនសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ កំពង់ស្ពឺ៖ ដោយមើលឃើញនូវការខ្វះខាត ទន្ទឹមនឹងជំងឺកូវីដ-១៩រីករាដាលជាសកលផងនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជូនដល់សមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនរួមមាន៖សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនធំ, អង្ករចំនួន៣តោន, ត្រីខ៥កេស, នំធុង៥កេស, មុង៥០, ភួយ៥០, ខ្នើយ៥០, ទឹកសុទ្ធអរុណា៥០កេស, កន្សែង៥០, ខ្ទះ៣, វែក៣, ឆ្នាំង៣ កាធុន៥, ចានបាយ៥០, ចានសម្លរ៥០, សាប៊ូដុសខ្លួន១០ដុំធំ, ទឹកត្រី៣យួរ, ទឹកស៊ីអ៊ីវ៣យួរ, មីជាតិ៣កេសធំ និងសម្ភារៈសិក្សាសម្រាប់ក្មួយៗសិស្សានុស្ស។ ក្នុងនោះផងដែរលោកជំទាវ ហ៊ុន ម៉ា ណា បានផ្តល់ជូនដល់បុគ្គលិកសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រចំនួន១៥នាក់ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ៤០ម៉ឺនរៀល និងឃីតមួយកញ្ចប់ ជាពិសេសលោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភប្រាក់ដល់សមាគមចំនួន៣ខែ ក្នុងខែ ១.៥០០ដុល្លារ ផ្តល់ជូនសរុបចំនួន ៤,៥០០ដុល្លារអាមេរិក។ សូមបញ្ជាក់ថា: សមាគមនេះ គឺជាកន្លែងជួយសង្គ្រោះកុមារកំព្រាក្រីក្របំផុត ដែលមានចំនួន […]
- មានវីដេអូរ៖ ឯកឧត្តម ឱម យ៊ិនទៀង បានអញ្ជើញចុះ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន នៅក្នុងទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ 3 ទិសទី 1 ប្រាសាទព្រះវិហារ ព្រះវិហា ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង បានអញ្ជើញចុះសួរសុខទុក្ខ នឹងសំណេះសំណាល ជាមួយនាយទាហាន នឹងពលទាហាន នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃច័ន្ទទី6ខែមេសា ឆ្នាំ2020 មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានសំដែងការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៏រស់រវើកនិងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារបានយ៉ាងរឹងមាំ បូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជននិងសង្គមជាតិទាំងមូល។ នៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខដល់នាយទាហាន និងពលទាហាននេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង ក៏បាននាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនធំ រួមទាំងថវិកាផងដែរដើម្បីចែកជូនដល់នាយទាហាន និងពលទាហាន ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។
- ពលរដ្ឋខ្មែរឥស្លាម១២នាក់ដែលសង្ស័យមានជំងឺ COVID-19ហើយបានដាក់ដាច់ដោយឡែកនៅក្រុងតាខ្មៅត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញនៅថ្ងៃនេះ ក្រោយធ្វើតេស្តអវិជ្ជមានកូវីដ១៩ ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន១២នាក់រស់នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រ ទាល ស្រុកស្អាង ដែលត្រូវបានសង្ស័យថាឆ្លងមេរោគកូវីដ១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅក្នុងវិទ្យាល័យហ៊ុនសែនតាខ្មៅ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ ដោយលទ្ធផល «អវិជ្ជមាន» មានន័យថា មិនមានឆ្លងកូវីដ១៩ឡើយ។ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយនៅវេលាថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការជូនដំណើរ និងជួយឧបត្ថម្ភពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល ព្រមទាំងអមដំណើរដោយមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត។ ស្ថិតនៅក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ពលរដ្ឋទាំង១២នាក់ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល។ ពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេជិតឯងរយៈពេល១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ច ឱ្យអស់ចិត្តដ្បិតលោកបានជាសះស្បើយហើយក្ដី ប៉ុន្តែត្រូវតែការពារខ្លួននិងគ្រួសារ ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសារ សូមរក្សាគម្លាតនិងការពារខ្លួនទាំងអស់គ្នា ហើយពិសេសផ្ដល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់គាត់ឱ្យបានគ្រប់គ្រាន់ និងផ្ដល់សម្ភារៈការពារខ្លួនដូចជាម៉ាស់ អាល់កុល ទឹកសម្លាប់មេរោគ ឬសាប៊ូដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងសម្ដេចតេជោហ៊ុន […]
- មានវីដេអូរ៖ ទូតកូរ៉េខាងត្បូងបញ្ជាក់ថា មកដល់ពេលនេះ មិនមានពលករខ្មែរណាម្នាក់នៅកូរ៉េ ផ្ទុកកូវីដ១៩ឡើយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់ថា រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរណាម្នាក់នៅក្នុងប្រទេសកូរ៉េផ្ទុកជំងឺកូវិដ ១៩នៅឡើយ ក្រៅពីជនជាតិខ្មែរបីនាក់ជាម្ដាយ ទារកអាយុ៣ខែ និងយាយរបស់ទារកនោះទេ ។ ឯកឧត្តមបណ្ឌិត ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាបច្ចុប្បន្ននេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកជំងឺនេះក្ដី ក៏រដ្ឋាភិបាលកូរ៉េ បានយកចិត្តទុកដាក់និងបង្កាពួកគេមិនអោយមានការព្រួយបារម្ភឡើយ ក្នុងនោះ ពួកគេត្រូវអនុវត្តន៍ទៅតាមការណែនាំរបស់អាជ្ញាធរកូរ៉េ និងអង្គការសុខភាពពិភពលោកផងដែរ ។ ឯកឧត្តមមានប្រសាសន៍បន្តថា ស្ថានភាពនៃការរាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវបានចាត់ទុកថាមានទំហំធំធេង កាលពីដំបូងដោយផ្ដើមចេញពីព្រះវិហារមួយ នៅក្នុងខេត្តជីយ៉ុងសាំង ក្នុងនោះ ៥៨,៧ភាគរយនៃអ្នកផ្ទុកជំងឺនេះ គឺចេញពីព្រះវិហារឈីនយ៉ុនជិ និង៨២ភាគរយនៃអ្នកផ្ទុកសរុបគឺ នៅក្នុងខេត្តជីយ៉ុងសាំង ។ កាលជំងឺនេះផ្ទុះដំបូងៗនៅក្នុងប្រទេសកូរ៉េ ត្រូវបានរកឃើញជាង៩០០នាក់ក្នុងមួយថ្ងៃ តែក្រោយមកក៏បានធ្លាក់មកនៅត្រឹម១០០នាក់ចាប់បីថ្ងៃទី១៥មីនា ២០២០ និងចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ ។ ចំណែកអ្នកដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅក្នុងប្រទេសកូរ៉េ ក៏បានជាសះស្បើយបន្តិចម្ដងៗនិងអនុញ្ញាតអោយពួកគេត្រលប់ទៅផ្ទះវិញបន្តបន្ទាប់ផងដែរ បន្ទាប់ពីធ្វើតេស្តឃើញអវិជ្ជមាន ។ ឯកឧត្តមបញ្ជាក់ថា ក្នុងនាមជាអ្នករងគ្រោះដោយសារតែជំងឺនេះដូចគ្នាហើយកម្ពុជាក៏កំពុងជួបបញ្ហានឹងជំងឺកូវីដ ១៩ដូចគ្នា កូរ៉េ បានសម្រេចផ្ដល់ជំនួយជាសម្ភារៈបរិក្ខាពេទ្យ សម្រាប់ទប់ទល់នឹងកូវីដ ១៩ និងសម្រាប់សកម្មភាពផ្សេងៗតាមតម្រូវការរបស់កម្ពុជាគិតជាទឹកប្រាក់ប្រមាណ៨,៥លានដុល្លារអាមេរិកផងដែរ ។ គួរបញ្ជាក់ថា […]
- មានវីដេអូរ៖ ស្ត្រីរងគ្រោះដោយសារអំពើហិង្សាចាប់ចង បំភ្លឺលំអិតជុំវិញរងអំពើហិង្សាពីបុរសម្ចាស់ផ្ទះ។
- សម្តេចតេជោ អរគុណអាជីវករលក់ស្រូវអង្ករ មិនតម្លើងថ្លៃ ក្នុងស្ថានភាពវិបត្តិកូវីដ១៩ អរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ ដើម្បីប្រជាពលរដ្ឋយើងមានភាពងាយស្រួលក្នុងការទិញយកទៅទទួលទាន ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ អរគុណបងប្អូនអាជីវករទាំងអស់ដែលមានការយល់ដឹងខ្ពស់ពីវិធីការពារមិនអោយឆ្លងរោគកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ គឺពីអ្នកលក់ទៅអ្នកទិញ និងពីអ្នកទិញទៅអ្នកលក់ និងពីអ្នកទិញទៅអ្នកទិញ។ សូមបងប្អូនសហការ និងបន្តធ្វេីតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដេីម្បីសុវត្ថិភាពទាំងអស់គ្នា សូមឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ និងសូមពាក់ម៉ាសការពារអោយបានគ្រប់ៗគ្នា៕
- សម្តេចតេជោ ហ៊ុន សែន ប្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មិនត្រូវទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ បើយោងតាមការបញ្ជាក់របស់ សម្តេចតេជោ កាលពីថ្ងៃទី ៤ មេសា កន្លងទៅនេះ គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផងនិង បូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការយេីងផង។ សម្តេចតេជោបានបញ្ជាក់ថា “ យើងត្រៀមថវិកានេះសម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩ ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់“ ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ កុំទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ ។ មិនមែនគ្រាន់តែបញ្ហាកូវីឌ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារអោយពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំអោយពួកគាត់ខ្វះស្បៀងអាហារអោយសោះ ក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ដែលមានក្នុងប្រទេសរបស់យើងសម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើងអោយបានទាន់ពេល”។ សូមអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា៕
- ខេត្តពោធិ៍សាត់បានប្រើប្រាស់អង្ករជាង ១០តោន និងសម្ភារៈមួយធំ ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង នៅតាមខ្នងផ្ទះ ក្នុងពេលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល (ពោធិ៍សាត់)៖ ក្នុងអំឡុងពេល២៣ថ្ងៃកន្លងមក គិតចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០, អង្ករជាង ១០តោន រួមទាំងគ្រាប់ពូជបន្លែកសិកម្ម ស្បៀង និងសម្ភារៈមួយចំនួនធំ ត្រូវបានក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្តក្រោមកិច្ចចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តពោធិ៍សាត់ បានចុះចែកជូន ដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត ក្នុងក្រុងពោធិ៍សាត់ ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈបន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)។ ឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី បានជម្រាបជូនថា អំណោយទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលការលំបាកបានមួយកំរិតផងដែរ។ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងសាបព្រោះគ្រាប់ពូជដំណាំដែលបានចែកជូន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់ ឬប្រើប្រាស់ក្រមានៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប់ជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩៕
- រដ្ឋមន្ដ្រីសុខាភិបាល ទទួលឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងជំងឺ COVID-19 ពីក្រុមហ៊ុន និងសមាគមចំនួនពីរ (ភ្នំពេញ)៖ ឯ.ឧ សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានទទួលនូវសម្ភារ បរិក្ខារវេជ្ជសាស្ដ្រ សម្រាប់ប្រើប្រាស់ឱ្យការទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ពីសភាពាណិជ្ជកិច្ចយុវជនកម្ពុជា-ចិន និងក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ។ ពិធីប្រគល់-ទទួលសម្ភារទាំងអស់នេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។ សម្ភារៈវេជ្ជសាស្ត្រដែលទទួលបានពី សភាពាណិជ្ជកិច្ចយុវជនកម្ពុជា-ចិន បានផ្ដល់សម្ភារវេជ្ជសាស្ដ្ររួមមាន៖ សម្លៀកបំពាក់សុវត្ថិភាពមន្ដ្រីសុខាភិបាល ចំនួន១៨០ ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៊ិនហ្រារ៉េត ចំនួន១៨០ ម៉ាស N95 ចំនួន២,០០០ វែនតាសុវត្ថិភាពចំនួន២០០ របាំងមុខវេជ្ជសាស្ដ្រ ចំនួន២០០។ ដោយឡែកក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីធីត បានផ្ដល់នូវផលិតផលអនាម័យសម្រាប់គ្រូពេទ្យជួរមុខ សរុបចំនួន ៣,០០០កញ្ចប់៕
- អត្រាឆ្លងកូវីដ១៩ជុំវិញសកលលោកមានលើសពី១លាន២សែនករណី, USA មានអត្រាឆ្លងខ្ពស់បំផុតរហូតដល់៣៣ម៉ឺនករណី ស្លាប់ជាង៩ពាន់ករណី (អន្ដរជាតិ)៖ គិតត្រឹមព្រឹកថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០២០ អត្រាអ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកមានជាង១លាន២សែនករណី, ជាសះស្បើយជាង២៦ម៉ឺនករណី និងស្លាប់ជិត៧ម៉ឺនករណី។នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។ សហរដ្ឋអាមេរិកមានអត្រាឆ្លងខ្ពស់ជាងគេរហូតដល់ជាង៣៣ម៉ឺនករណី, ជាសះស្បើយ១ម៉ឺន៧ពាន់ករណី និង ស្លាប់ជាង៩ពាន់ករណី ដោយរដ្ឋញូវយ៉កមានអ្នកស្លាប់ ២,២៥៦នាក់ ដែលជាតួលេខដ៏ខ្ពស់បំផុត បើធៀបនឹងបណ្ដារដ្ឋនានា៕
- អភិបាលខេត្តតាកែវ ណែនាំទៅដល់ក្រុមការងារឲ្យត្រៀមស្បៀងសម្រាប់ចុះជួយដល់ពលរដ្ឋដែលខ្វះខាតក្នុងអំឡុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីត១៩ ខេត្តតាកែវ៖អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់ក្រុមការងារ ចុះជួយមូលដ្ឋានទាំងអស់ ត្រូវត្រៀមលក្ខណៈក្នុងការចុះជួយស្បៀងទៅដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែមានការខ្វះខាតក្នុងអំឡុងពេល ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំ របស់ ឯកឧត្តម កត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តតាកែវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នៅទូទាំងខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលប្រទេស ជាតិកំពុងតែជួបនូវវិបិត្តជម្ងឺកូវីត១៩ នឹងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩នេះ ធ្វើឲ្យសេដ្ឋកិច្ច រងផលប៉ះពាល់ ហើយក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ មួយចំនួនប្រាកដមានការខ្វះខាតច្រើន ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវបន្តចុះជួយដល់ពួកគាត់ក្នុងកាលៈទេសៈបែបនេះ ដោយមិនត្រូវឲ្យ ពលរដ្ឋណាម្នាក់ជួបបញ្ហាឬស្លាប់ដោយសារតែខ្វះអាហារនោះទេ ។ ឯកឧត្តម អ៊ូច ភា បន្ថែមទៀតថា ទន្ទឹមនឹងការត្រៀមចុះជួយដល់ពលរដ្ឋដែលខ្វះខាត ដោយចុះចែកស្បៀងអាហារដល់ពួកគាត់នោះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងបង្ការនូវមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩នេះ ដល់ពលរដ្ឋនៅមូលដ្ឋាន […]
- មានវីដេអូរ៖ ពលរដ្ឋ៥០គ្រួសារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃទទួលគ្រឿងឧបភោគ បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្វះខាត៥០គ្រួសារ ដែលសម្រាកពីការងារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្ថានភាពរាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ បានទទួលគ្រឿងឧបភោគ បរិភោគពីសប្បុរសជនតាមរយៈក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ លោក គង់ រិទ្ធា បានប្រាប់ថា សម្ភារៈ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកាដែលយកមកចែកជូននេះ គឺទទួលបានពីព្រះគ្រូអនុគណ និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ព្រះគ្រូចៅអធិការវត្តរតនៈសុខសាន្ត ព្រះគ្រូចៅអធិការវត្តសុវណ្ណពោធិសិលារាម លោកអាអាន និងសមាជិកសមាជិកាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត ដែលក្នុងមួយ១គ្រួសារទទួលបាន អង្គរ២៥គីឡូក្រាម ទឹកសុទ្ធ១ដប ទឹកស៊ីអ៊ីវ១ដប មី១កេស និងថវិកា ២០,០០០រៀល។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលខ្វះខាត ភាគច្រើនជាប្រជាពលរដ្ឋធ្វើការនៅតាមបន្ទាត់ជាយដែនប្រទេសថៃដែលទៅព្រឹកវិលល្ងាច តែដោយសារមួយរយៈនេះ ការរីករាលដាលនៃជំងឺកូវីត១៩ ធ្វើឲ្យប្រទេសថៃគេដាក់ប្រទេសក្នុងភាពអាសន្ន ទើបធ្វើឲ្យច្រកព្រំដែនទាំងអស់ត្រូវបិទ មិនអាចឲ្យពួកគាត់ទៅធ្វើការងារបាន ហើយត្រូវសម្រាកនៅតែផ្ទះ ទើបសមាគមចលនាយុវជនកម្ពុជា ដែលដឹកនាំដោយលោកផ្ទាល់ រួមទាំងព្រះសង្ឃ សប្បុរសជន យក សម្ភារៈ គ្រឿងឧបភោគ […]
- មានវីដេអូរ៖ ពលករខ្មែរជាង ១ម៉ឺននាក់ ទើបត្រឡប់មកពីថៃនិងមួយចំនួនស្ម័គ្រចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគ្រួសារនិងសហគមន៍ចំនួន១៤ថ្ងៃ នៅខេត្តបាត់ដំបង បាត់ដំបង៖ពលករខ្មែរជាង ១ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃមកស្រុកកំណើតនិងមួយចំនួនស្ម័គ្រចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគ្រួសារនិងសហគមន៍ចំនួន១៤ថ្ងៃ ខណៈដែលអាជ្ញាធរថៃសម្រេចបិទច្រកព្រំដែនជាប់ខេត្តបាត់ដំបងក្នុងឡុងខែមិនាឆ្នាំ២០២០រហូតដល់ថ្ងៃទី៥ខែមេសាឆ្នាំ២០២០។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការពិនិត្យសុខភាពនៅតាមច្រកព្រំដែន ដែលពួកគាត់បានចេញមក។អាជ្ញាធរខេត្ត បានចុះទៅតាមខ្នងផ្ទះរបស់ពួកគាត់អប់រំបន្ថែម ចំពោះពលករខ្មែរទាំងអស់នោះពីការបង្ការមិនឲ្យឆ្លងជំងឺកូវីដ១៩ ។ ក្រោយពីបានយល់ដឹងពីការបង្ការនិងមិនឲ្យមានការរីករាលដាលជំងឺកូវីដ១៩ មានពលករខ្មែរនៅតាមស្រុកខ្លះមានចំនួន ៣០នាក់ បានសម្រេចដាក់ខ្លួនឯងនៅដាច់ដោយឡែក និងមានពលករខ្លះទៀតដែលទើបមកពីប្រទេសថៃ បានសរសេរអក្សរដាក់នៅមុខផ្ទះ ថាពួកគាត់ឬគ្រួសាររបស់ពួកគាត់ ទើបមកពីប្រទេសថៃ ដែលបញ្ហានេះ កាន់តែធ្វើឲ្យអាជ្ញាធរឬមន្ត្រីសុខាភិបាល ងាយស្រួលចុះទៅសួរសុខទុក្ខពួកគាត់ ក៏ដូចជាអនុវត្តយន្តការការពារ មិនឲ្យមានការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។ គួរបញ្ជាក់ផងដែរថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថានៅខេត្តបាត់ដំបងក្នុងចំណោមពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩ មានចំនួន៨នាក់ (ស្រី២នាក់) ក្នុងនោះមានចំនួន ៤នាក់ (ស្រីម្នាក់) បានជាសះស្បើយនិងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ខណៈដែលអ្នកជំងឺ ៤នាក់ទៀត គឺមានសុខភាពល្អ ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


