ភ្នំពេញ៖ រាល់សំណើ និងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលសំណើរទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញត្រូវធ្វើ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ហួត ហៃអភិបាលរងតំណាងអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍លើកឡើងថា វេទិកានេះ មានប្រជាពលរដ្ឋ បានស្នើដោយផ្ទាល់មាត់ចំនួន១១នាក់ ស្មើនិង១៤បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន១៩បញ្ហា ហើយរាល់សំណើរ និងសំណូមទាំងនោះរួមមាន៖ ស្នើអោយអាជ្ញាធរជួយកាត់ខ្សែភ្លើងធ្លាក់ ជួសជុលផ្លូវ ដាក់លូ ដាក់ភ្លើងស្តុបថ្មី ដាក់ស្លាកសញ្ញាហាមចតនៅមុខសាលារៀន ដាក់ភ្លើងបំភ្លឺសាធារណៈ សូមកាត់លះមែកឈើ ការដឹកជញ្ជូនសំរាមចេញពីទីអារាមវត្តទាន់ម៉ោងពេលនិងស្នើសូមប្រមូលជនអាណាថាផងដែរ។
ឯកឧត្តម ហួត ហៃ បានបញ្ជាក់ថា រាល់សំណើរនិងសំណូមពរដោយផ្ទាល់មាត់ត្រូវបានដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង។
ដោយឡែក ចំពោះសំណើរដែលដោះស្រាយមិនបានភ្លាមៗ លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនឹងអោយក្រុមការងារចុះទៅសិក្សារួច ទើបស្នើសុំគោលការសម្រេចពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
ឯកឧត្តម ម៉ប់ សារិន ក៏បានមានប្រសាសន៍លើកឡើងថា ការបង្កើតអោយមានវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោ បល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះឡើង គឺដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និង ប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងការអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម។
ឯកឧត្តមបានបន្តថា អ្វីដែលជាសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយជូនជាបណ្តើរៗហើយ ហើយអ្វីដែលនៅសេសសល់យើងក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលខណ្ឌអស់ហើយដែរ៕
ដោយ៖ សំអាត និងពិសិដ្ឋ






