ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅ បានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្ដម Kevin Yeung លេខាធិការវប្បធម៌ កីឡា និងទេសចរណ៍ (Secretary for Culture, Sports and Tourism) របស់ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើការងារអាទិភាពមួយចំនួន ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសកម្ពុជា និងទីក្រុងហុងកុង ជាពិសេសលើវិស័យភាពយន្ត សិល្បៈទស្សនីយ ភាព និងម្ហូបអាហារជាដើម។
ការងារអាទិភាពទាំងនេះ គឺជាផ្នែកមួយ ដើម្បីជំរុញការអនុវត្តអនុស្សរណៈយោគយល់ទ្វេភាគីដែលបានចុះហត្ថលេខាកន្លងទៅ និងឈរលើស្មារតីរបស់វេទិកាសហប្រតិបត្តិការវប្បធម៌អាស៊ីឆ្នាំ២០២២ (Asia Cultural Co-operation Forum “ACCF” 2022) ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៤ -១៥ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕






