ព័ត៌មានថ្មី
- រាជរដ្ឋាភិបាលកម្ពុជា ខិតខំជម្រុញសមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ (សៀមរាប) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ នាព្រឹកម្សិលម៉ិញ នៅសណ្ឋាគារសុខាសៀមរាប បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា Siem Reap Policy Dialogue ស្តីពី “ការជម្រុញវិស័យហរិញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការធ្ចើពាណិជ្ជកម្មដោយស្មោះត្រង់” ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធសហការរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា ក៏ដូចជាចូលរួមលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូសន្ទនារវាងតំបន់អាស៊ាននិងសហភាពអឺរ៉ុប តាមរយៈការផ្តល់ហិរញ្ញប្បទាន ការគាំទ្របច្ចេកទេស និងការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម-ធុរកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងសហការជាមួយប្រទេសសមាជិក និងដៃគូក្នុងការជម្រុញសមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដែលរួមបញ្ចូលផងដែរពីតួនាទីដ៏សំខាន់របស់វិស័យឯកជន មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ដែលជាកត្តាលីករជំរុញការស្តារសេដ្ឋកិច្ចនៅក្នុងតំបន់ឡើងវិញ និងបន្តកំណើនប្រកបដោយចីរភាពនិងបរិយាប័ន្ន៕
- ទេសរដ្ឋមន្ត្រីលី ធុជ៖ រយៈពេលជិត៣០ឆ្នាំ អូស្ត្រាលីផ្តល់ជំនួយជាង១០០លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់គម្រោងបោសសម្អាតមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជាមានប្រសាសន៏ថា ប្រទេសអូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយក្នុងការចូលរួមវិស័យសកម្មភាពមនុស្សធម៌ នៅកម្ពុជា ដែលបានបរិច្ចាគថវិកាប្រមាណជាង១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ និងក្រោយមកបានចូលរួមគាំទ្រដល់គម្រោងបោសសម្អាតមីនចាប់តាំងពីឆ្នាំ២០០៦ ដោយផ្តល់ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះដល់អាយុជីវិតបានរាប់លាននាក់ឲ្យរួចផុតពីគ្រោះថ្នាក់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស ព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្ម របស់អូស្ត្រលី ទស្សនកិច្ចសកម្មភាពរាវរកគ្រាប់មីនរបស់សត្វកណ្តុរ នៃអង្គការ Apopo ប្រចាំកម្ពុជា នៅទីស្នាក់ខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងគោលដៅចូលរួមកាត់បន្ថយការគ្រោះថ្នាក់អាយុជីវិត និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ អនុប្រធានអាជ្ញាធរមីន បានស្នើសុំឲ្យប្រទេសអូស្ត្រាលី បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនរហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជាទោះបីកម្ពុជាមិនបានសម្រេចគោលដៅឆ្នាំ២០២៥ ក៏ដោយ។ អង្គការ Apopo ប្រចាំនៅកម្ពុជា ដែលបានធ្វើការហ្វឹកហ្វឺនជំនាញរាវមីនដល់សត្វកណ្តុរ និងសត្វឆ្កែ ចាប់តាំងពីឆ្នាំ២០១៤ ក្នុងការចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលគិតត្រឹមឆ្នាំ២០២១ អង្គការ Apopo បានធ្វើការរំដោះផ្ទៃដីមានមីនប្រមាណជិត១០គីឡូម៉ែត្រក្រឡា។ ឯកឧត្ដមព្រឹទ្ធសមាជិក Tim Ayres បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតមីននៅកម្ពុជា ហើយលោកព្រឹទ្ធសមាជិក មានសេចក្តីសប្បាយរីករាយចំពោះការរីកចំរើនរបស់កម្ពុជា […]
- សម្ដេច ស ខេង ជួបសំណេះសំណាល និងផ្ដល់អំណោយក្រុមសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់បានលឿនជាងផែនការ និងប្រកបដោយគុណភាព ដែលធ្វើឱ្យមានការកោតសរសើរជាច្រើនពីសាធារណៈមតិ បន្ថែមលើភាពលេចធ្លោនៃការរចនាប្លង់សំណង់អគារទាំងមូល។ សម្ដេចក្រឡាហោម បានបង្ហាញការពេញចិត្ត និងមានមោទកភាពក្រៃលែងចំពោះដំណើរការសាងសង់អគារថ្មីនេះ ដោយសារសម្ដេចមានទំនុកចិត្តចំពោះគណៈកម្មការដឹកនាំការសាសង់ដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងក៏ដោយសារអគារទីស្ដីការក្រសួងថ្មីនេះត្រូវបានរចនា និងសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។ សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថាគណៈកម្មការសាងសង់ ក្រុមហ៊ុន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករកម្មការិនីទាំងអស់ នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះឱ្យបានរួចរាល់ និងប្រកបដោយគុណភាព។ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានផ្ដល់ជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនី នូវអំណោយមួយចំនួន រួមមានសារ៉ុង១ មី៥កញ្ចប់ ត្រីខ៥កំប៉ុង ទឹកក្រូច៥កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន១សែនរៀលផងដែរ៕
- កម្មវិធី “ ភ្ជុំបិណ្ឌ៖ តោះទៅវេចអន្សមរួមគ្នា” ទទួលបានគាំទ្រពីមហាជន និងយុវវ័យ សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងប្អូនៗសិស្សានុ សិស្សដែលបានចូលរួមវេចនំខ្មែរ ថែរក្សា និងលើកស្ទួយវប្បធម៌យើង ជាពិសេសទំនៀមទម្លាប់នៃការវេចនំអន្សម នំបត់ និងនំគមតាមរយៈការចូលរួម កម្មវិធី “ ភ្ជុំបិណ្ឌ៖ តោះទៅវេចអន្សមរួមគ្នា”។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គី ភាព រួមគ្នារៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើងពីសំណាក់ក្រុមការងារ។ កម្មវិធីនេះអាចប្រព្រឹត្តទៅបានគឺមានការចូលរួមយ៉ាងផុសផុលពីសំណាក់ក្រុមការងារហើយភាពជោគជ័យមួយនេះគឺជាសមិទ្ធផលរបស់គ្រប់គ្នា។ គួរបញ្ជាក់ដែរថា កម្មវិធីនេះបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងលើកទឹកចិត្តអោយបងប្អូនប្រពលរដ្ឋខ្មែរដែលរស់នៅទីក្រុង ឬទីប្រជុំជននានាដែលមានភាពមមារញឹក និងកាតព្វកិច្ចក្នុងការប្រកបរបរប្រចាំថ្ងៃ មានឱកាសចូលរួមវេចនំអន្សមរួមគ្នា ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងគ្រួសារ ជាពិសេសចូលរួមបន្ដថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលដូនតាខ្មែរបានបន្សល់ ទុកឱ្យ។
- សម្តេចក្រឡាហោម ស ខេង ផ្តាំផ្ញើរនិស្សិតអាហារូបករណ៏ទៅជប៉ុន សាបព្រួសអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២បានអនុញ្ញាតឱ្យនិស្សិតខ្មែរ ដែលជាប់អាហារូបករណ៍របស់ រាជរដ្ឋាភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program” ឆ្នាំ២០២២ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំមួយចំនួនមុនទៅបន្តការសិក្សានៅប្រទេសជប៉ុន។ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យក្រុមនិស្សិតកម្ពុជាទាំង៥រូប ត្រូវខិតខំថែរក្សាសុខភាព ប្រឹងប្រែងរៀន សូត្រ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះជំនាញរៀងៗខ្លួន។ សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើរឱ្យនិស្សិតទាំងអស់បន្តសាមគ្គីភាពជាមួយគ្នាទាំងក្រៅ ប្រទេស និងក្នុងប្រទេស សាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឱ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រក្រេបយក ចំណេះដឹងមកចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ បន្ទាប់ពីត្រូវបានបញ្ចប់ការសិក្សានៅទីនោះ។ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋា ភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program” ឆ្នាំ២០២២ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះ ជំនាញរៀងៗខ្លួន។ សូមបញ្ជាក់ថា អាហារូបករណ៍”កម្មវិធីអ្នកដឹកនាំវ័យក្មេង Young Leaders’ […]
- គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី នឹងចាប់ផ្តើមបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុស ច្បាប់ចាប់ពីយប់នេះតទៅ ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ កញ្ញានេះ បានបើកកិច្ចប្រជុំគណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាបន្ទាន់មួយ ដើម្បីអនុវត្តអោយមានប្រសិទ្ធភាពបំផុតទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទអោយអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមស្នងការ លោក មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានផ្សារផងដែរ ក្នុងគោល បំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទអោយអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាមួយចាត់វិធានការចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានានៅក្នុងមូលដ្ឋានផងដែរ ពោលគឺត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតចាប់ពីយប់នេះតទៅ។ ឯកឧត្តម ឃួង ស្រេង បានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួចហើយកាលពីព្រឹកថ្ងៃ១៧កញ្ញានេះ ដោយឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការប្រមានដកតំណែងផងដែរ ។ ឯកឧត្តមបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋ បាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កអោយមានបទល្មើស លួចឆក់ប្លន់។ ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវតែធ្វើឡើងអោយដូចភ្លៀង រលឹម។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិចុះទៅបង្ក្រាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួន ឯងមិនបានបង្ក្រាបឬមិនបានដឹងនោះនឹងប្រឈមទៅនឹងការដកតំណែងហើយ។ គួររំលឹកថា […]
- ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលប្រទេសចិន អគ្គីភ័យដែលបានឆាបឆេះអគារការិយាល័យខ្ពស់មួយត្រូវបានពន្លត់នៅក្នុងទីក្រុងឆាងហ្សា នៃខេត្តហូណាន ភាគកណ្តាលប្រទេសចិន។ អគារ ឆៃណាតេឡេខម (China Telecom) មានកម្ពស់ជាង២០០ម៉ែត្រ។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់និងរបួសនៅឡើយទេហេីយការស៊ើបអង្កេតលើមូលហេតុនៃការឆេះកំពុងដំណើរការ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- មនុស្ស ១៣៤នាក់បានស្លាប់ ផ្ទះជាច្រើនត្រូវបានបំផ្លាញដោយទឹកជំនន់ នៅស៊ូដង់ CGTN ៖ ទឹកជំនន់នៅទូទាំងប្រទេសស៊ូដង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ មន្ត្រីប្រទេសស៊ូដង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ជាផ្លូវការដោយ សារទឹកជំនន់ចាប់តាំងពីរដូវវស្សា បានចាប់ផ្តើមក្នុងខែឧសភាដល់ ១៣៤នាក់។ ភ្លៀងធ្លាក់ខ្លាំងពេញមួយខែសីហា និងដើមខែកញ្ញា ដែលជាកំពូលនៃរដូវវស្សារបស់ប្រទេសស៊ូដង់ បានបំផ្លាញផ្លូវថ្នល់ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស ដោយកាត់ផ្តាច់ខ្សែផ្គត់ផ្គង់ទៅកាន់តំបន់ជនបទដែលត្រូវការជំនួយមនុស្សធម៌។ យោងតាមរបាយការណ៍ទឹកជំនន់ចុងក្រោយរបស់អង្គការ សហប្រជាជាតិ មនុស្សប្រហែល ២៨៦.៤០០ នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយផ្ទះ ១៦.៩០០០ត្រូវបានបំផ្លាញ។ ក្រុមប្រឹក្សាការពារជនស៊ីវិលបាននិយាយថាអ្នកស្លាប់ក្នុងឆ្នាំនេះរួមមានមនុស្សចំនួន ៧៤ នាក់ដែលលង់ទឹកស្លាប់ ៣២ នាក់ដែលបានស្លាប់ពេលរលំផ្ទះ និង ៦ នាក់ស្លាប់ដោយសារចរន្តអគ្គិសនីទាក់ទងនឹងទឹក៕ ប្រែសម្រួលដោយ: ជ ង៉ា
- ការប៉ះទង្គិចគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់ បណ្តាលអោយមនុស្សស្លាប់ជាង ២០០នាក់ក្នុងសប្តាហ៍នេះ លោក ផាស៊ីនយ៉ាន (Pashinyan) បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថា គួរឲ្យសោកស្ដាយទាហាន ១៣៥ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយប្រទេស អាស៊ែបៃហ្សង់។ អាហ្សែបៃហ្សង់ បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៧១ នាក់ក្នុងចំណោមកងទ័ពរបស់ខ្លួន នាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង ២០០ នាក់ បន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរ ចាប់តាំង ពីជម្លោះរយៈពេលប្រាំមួយសប្តាហ៍ក្នុងឆ្នាំ២០២០។ ចំពោះការប៉ះទង្គិចនាពេលថ្មីៗនេះ ភាគីទាំងពីរបានចោទ ប្រកាន់គ្នាទៅវិញទៅមកថាបានផ្តើមការប៉ះទង្គិចគ្នា។ អាមេនីបាននិយាយថា កងកម្លាំងរបស់អាស៊ែបៃហ្សង់នៅសប្តាហ៍នេះ បានវាយប្រហារ និងរឹបអូសយកការតាំងទីលំនៅក្នុងប្រទេសអាមេនី ហួសពីទីក្រុង ណាហ្គ័រណូ ខារ៉ាបា។ ចំណែកឯ អាស៊ែបៃហ្សង់ បាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹង ការបង្កហេតុដោយភាគីអាមេនី។ ចំពោះហេតុការណ៍នេះ ទីក្រុងម៉ូស្គូបានសម្របសម្រួល ដោយចេញបទឈប់បាញ់មួយ ដោយបានបញ្ចប់ការប្រយុទ្ធចុងក្រោយកាលពីយប់ថ្ងៃពុធនេះហេីយ ប៉ុន្តែស្ថានភាពនៅតាមព្រំដែននៅតែតានតឹងនៅឡេីយ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ការបាក់អគារនៅហ្ស៊កដានី បណ្តាលអោយមានមនុស្សចំនួន ១៣បានស្លាប់ អាជ្ញាធរបាននិយាយថា សាកសពបីនាក់ត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារមួយក្នុងរដ្ឋធានី អាំម៉េន (Amman) របស់ប្រទេសហ្ស៊កដានី កាលពីថ្ងៃសុក្រ។ បីថ្ងៃបន្ទាប់ពីវាបានដួលរលំ ចំនួនអ្នកស្លាប់កេីនឡេីងសរុបដល់ ១៣នាក់។ ប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយត្រូវបានដំឡើងចាប់តាំងពីអគារលំនៅដ្ឋានកម្ពស់បួនជាន់បានដួលរលំកាលពី ថ្ងៃអង្គារនៅក្នុងសង្កាត់ ចាបាល អាល វ៉េបដេ (Jabal al-Weibdeh) ដែលជាសង្កាត់មួយ ក្នុងចំណោមសង្កាត់ចាស់បំផុតរបស់ អាំម៉េន (Amman)។ នាយកសន្តិសុខសាធារណៈរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមជួយសង្គ្រោះអាចទាញយកសាកសពបីនាក់បន្ថែមទៀតកាលពីថ្ងៃសុក្រ។ ចំនួនអ្នកស្លាប់ មានចំនួន ១៣នាក់ហេីយ ដោយលោកបានបន្ថែមទៀតថា ការស្វែងរកក៏នៅតែកំពុងបន្ត៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- សភាអេស្ប៉ាញ គាំទ្រសមាជិកភាពណាតូ សម្រាប់ហ្វាំងឡង់ និងស៊ុយអែត CGTN-សភារបស់ប្រទេសអេស្បាញ បានផ្តល់សច្ចាប័នលើការចូលប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ដោយនាំឱ្យប្រទេស ន័រឌីក (Nordic) ទាំងពីរកាន់តែខិតទៅជិតការចូលរួមក្នុងសម្ព័ន្ធភាពនៅក្នុងការពង្រីកដ៏សំខាន់បំផុតរបស់ខ្លួនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកក្នុងសម្ព័ន្ធភាពចំនួន ៣០ ដើម្បីឆ្លើយតប ទៅនឹងសកម្មភាពរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ រុស្ស៊ីបានព្រមាន ប្រទេសទាំងពីរម្តងហើយម្តងទៀត ប្រឆាំងនឹងការ ចូលរួមក្នុងសម្ព័ន្ធភាពនេះ ហើយបានហៅ សកម្មភាពរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែនថា ជាប្រតិបត្តិការយោធាពិសេស ។ សម្ព័ន្ធមិត្តណាតូបានចុះហត្ថលេខាលើពិធីសារ ចូលជាសមាជិកសម្រាប់ប្រទេសទាំងពីរកាលពីខែកក្កដា។ បន្ទាប់ពីការផ្តល់សច្ចាប័នរបស់ប្រទេសអេស្ប៉ាញ ហើយការផ្តល់សច្ចាប័នអាចចំណាយពេលរហូតដល់មួយឆ្នាំ។ សភាជាន់ទាបបានអនុម័តការចូលជាសមាជិកនេះ ដោយមានសំឡេងគាំទ្រ២៩០ សំឡេង១១ ប្រឆាំង និង ៤៧សំឡេងអនុប្បវាទ ។ លោក សឺហ្គី ហ្គូធៀរីស (Sergio Gutierrez) សមាជិក សភានៃគណបក្សសង្គមនិយម កំពុងកាន់អំណាច បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាគឺជាលទ្ធផលជាប្រវត្តិ សាស្ត្រមួយ ពីព្រោះយើងកំពុងបង្រួបបង្រួមណាតូជាសម្ព័ន្ធមិត្តនៃលទ្ធិប្រជាធិបតេយ្យសេរី និងស្ម័គ្រចិត្តដែលរួបរួមគ្នាដើម្បីការពារសន្តិភាព៕ បកប្រែដោយ រម៉ាម វ៉ុង
- មនុស្សជិត៣០នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នា នៅព្រំដែន កៀហ្ស៊ីស្ថាន-តាហ្ស៊ីគីស្ថាន BBC៖ មនុស្សជិត ៣០នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅព្រំដែនកៀហ្ស៊ីស្ថាន-តាហ្ស៊ីគីស្ថាន។ វាជាការប្រយុទ្ធគ្នា ជាប្រចាំរវាងអតីតរដ្ឋសូវៀតទាំងពីរ ដែលព្រំដែនមានជម្លោះចាប់តាំងពីការដួលរលំនៃសហភាពសូវៀតមក។ ភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកថាបានចាប់ផ្តើមអំពើហិង្សានិងបំពានបទឈប់បាញ់។ ក្រសួងសុខាភិបាលកៀហ្ស៊ីស្ថាន បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សចំនួន ២៤ នាក់នៅប្រទេសកៀហ្ស៊ីស៊ីស្ថានបានត្រូវស្លាប់។ របាយការណ៍មុននេះពីប្រទេសតាជីគីស្ថានបាននិយាយថា យ៉ាងហោច ណាស់មនុស្សបីនាក់ត្រូវបានសម្លាប់នៅទីនោះផងដែរ។ ឆ្មាំព្រំដែនកៀហ្ស៊ីស្ថាន បានចោទប្រកាន់តាជីគីស្ថានថា បានកាន់កាប់ផ្នែកមួយ នៃព្រំដែន ដែលមិនទាន់ត្រូវបានបោះ បង្គោល ខណៈតាជីគីស្ថានបាននិយាយថា ឆ្មាំកៀហ្ស៊ីស្ថាន បានបើកការបាញ់ប្រហារ ដោយគ្មានការបង្ក ហេតុ។ បទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង 16:00 ម៉ោងក្នុងស្រុក ប៉ុន្តែកៀហ្ស៊ីស្ថាន Kyrgyzstan បាននិយាយថា ភូមិចំនួនពីរត្រូវបានបាញ់ផ្លោងនៅពេលក្រោយ ដោយបានចោទប្រកាន់អ្នកជិតខាងរបស់ខ្លួនថាបានប្រើប្រាស់រថក្រោះ និងរថពាសដែក។ ផ្ទុយទៅវិញ តាហ្ស៊ីគីស្ថានក៏បានចោទ ប្រកាន់កងកម្លាំងកៀហ្ស៊ីស៊ីស្ថានថា បានបាញ់ផ្លោងទៅលើប៉ុស្តិ៍មួយ និងភូមិចំនួនប្រាំពីរជាមួយនឹង អាវុធដ៏ធុនធ្ងន់ផងដែរ៕ ប្រែសម្រួលដោយ: ជ ង៉ា
- រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណនៃប្រទេសញ៉ូវហ្សឺលែន បំពេញទស្សនកិច្ចលើគម្រោងសហប្រតិបត្តិការក្នុងតំបន់អង្គរ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអមដំណើរឯកឧត្តម Phil Twyford រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណនៃប្រទេសញ៉ូវហ្សឺលែន ពិនិត្យមើលសមិទ្ធិផលសំខាន់ៗនៃគម្រោងសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានអនុវត្តចំនួនបីដំណាក់ កាលកន្លងមក ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៩ និងគម្រោងនាពេលអនាគត (ដំណាក់កាលទី៤) ដោយផ្តោតលើការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍នៅក្នុងតំបន់អង្គរ។ គម្រោងសហប្រតិបត្តិការទ្វេភាគីនេះ មានសារប្រយោជន៍ខ្លាំង សម្រាប់ជួយឱ្យការថែរក្សាប្រព័ន្ធធារាសាស្រ្តសម័យបុរាណឱ្យគង់វង់ និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការក្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ និងការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពនិងធនធានមនុស្សជាដើម។ សូមរំលឹកផងដែរថា កន្លងមក ប្រទេសញ៉ូវហ្សឺលែន បានគាំទ្រអាជ្ញាធរជាតិអប្សរាអនុវត្តគម្រោងជាបន្តបន្ទាប់រួមមានបីដំណាក់កាល៖ – ដំណាក់កាលទី១ (២០០៩-២០១០) ជាគម្រោងសាកល្បងដែលមានឈ្មោះថា “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods)។ – ដំណាក់កាលទី២ (២០១១-២០១៣) គម្រោង “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor […]
- ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសកាលបរិច្ឆេទ សម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើង ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសកាលបរិច្ឆេទ សម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើង ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយក្រសួងបានសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway) ដាក់ដំណើរការខ្សែរថភ្លើងដោយមិនបង់ប្រាក់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ . សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញប្រកកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងនៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្ប ញ្ញត្តិក៏ដូចជា នីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែរឹងមាំឡើង៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


